ព័ត៌មានជាតិ

រន្ធត់ណាត់! លោកយាយវ័យ៧០ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈចៅអាយុ ៨ ឆ្នាំរសាត់តាមទឹកហូរ រកមិនទាន់ឃើញ

ប៉ៃលិនៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ នៅចំណុចក្នុងទឹកស្ទឹង ចម្ងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍៦៨) ចំនួន ៤០០ម៉ែត្រ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ហួត យ៉ាន ភេទស្រី អាយុ ប្រហែលជាង ៧០ឆ្នាំ រួមជាមួយនិងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ ០៨ឆ្នាំ (បាត់ខ្លួន)។

តាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដោយជនរងគ្រោះទាំងពីរ បានទៅចំការដូចសព្វដង ប៉ុន្តែថ្ងៃកើតហេតុនេះ ជនរងគ្រោះជាយាយ បានស្ពាយធុងបាញ់ថ្នាំស្មៅ នៅជាប់នឹងខ្លួន ចំណែកចៅប្រុសវិញ បានជិះកយាយ រួចធ្វើដំណើរឆ្លងកាត់ទឹកស្ទឹង ដែលកុំពុងហូរតិចៗ ដើម្បីឆ្ពោះទៅកាន់ត្រើយម្ខាងទៀត ដែលនៅជាប់នឹងចំការរបស់គាត់។ លុះរហូតដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះទាំងពីរបានមកដល់កន្លែងកើតហេតុ ដើម្បីត្រលប់ទៅផ្ទះវិញ ដោយបានដើរឆ្លងកាត់ទឹកស្ទឹង ដោយយាយមានស្ពាយធុងបាញ់ថ្នាំស្មៅ ចំណែក ចៅប្រុសបានជិះកយាយដដែល លុះឆ្លងដល់ពាក់កណ្តាលស្ទឹងគាប់ជួននោះជំនន់ទឹកភ្លៀង បានហូរធ្លាក់មកពីខាងលើយ៉ាងគំហុក បានបោកបក់ជនរងគ្រោះទាំងពីរ ឲ្យរអិលជើងដួលទប់លែងជាប់ និងបានរសាត់តាម ទឹកហូររហូត បណ្ដាលឲ្យយាយលង់ទឹកស្លាប់ភ្លាមៗ ចំណែកចៅប្រុសវិញ បានរសាត់តាមទឹកហូរដោយពុំទាន់រកឃើញ និងមានស្ថានភាពយ៉ាងណានៅឡើយទេ។

បច្ចុប្បន្នកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨២១ ប្រមាណចំនួន ៤០នាក់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ វ៉ាន់ ភួយ មេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ ៨២១ កំពុងធ្វើប្រតិបត្តិការស្វែងរក តាមបណ្តោយខ្សែទឹកហូរនៃភូមិ សាស្ត្រក្នុងតំបន់៕

មតិយោបល់