ព័ត៌មានជាតិ

ជងរគ្រោះ សង្ឃឹមថានឹងទទួលបានយុត្តិធម៌ ក្នុងរឿងនគរបាលខណ្ឌព្រែកព្នៅ ដេញបាញ់សម្លាប់

ភ្នំពេញៈ តុលាការក្រុងភ្នំពេញគ្រោង នឹងប្រកាសសាលក្រម សំណុំរឿង លោក ទឹម សៅសុភ័ក្ត្រ ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ដែលដកកាំភ្លើងដេញបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីដើមឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ស្អែកនេះ ជនរងគ្រោះ មានសង្ឃឹមថា តុលាការនឹងអាចផ្តល់យុត្តិធម៌ដល់រូបខ្លួនបាន ខណៈដែលជនជាប់ចោទកំពុងតែរស់នៅក្រៅគុក យ៉ាងសប្បារីករាយ បើទោះជាបានប្រព្រឹត្តបទឧក្រិដ្ឋ យ៉ាងណាក្តី។

ជនរងគ្រោះ ឈ្មោះ ញឹម សុគា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនៅតែមានក្តីសង្ឃឹម និងជឿទុកចិត្ត លើប្រព័ន្ធតុលាការ ថា នៅថ្ងៃស្អែកនេះ អាចរកយុត្តិធម៌ជូនលោកបាន បើទោះជា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ព្យាយាមជួយជនជាប់ចោទ តាំងពីពេលកើតហេតុ រហូតមកក៏ដោយ។

លោកបន្តថា កាលពីពេលកើតហេតុភ្លាម ដែលជនជាប់ចោទដកកាំភ្លើងដេញបាញ់សម្លាប់លោក និងត្រូវពលរដ្ឋ រួមជាមួយសមត្ថកិច្ច ជួយឃាត់ រហូតជនជាប់ចោទ បាញ់សមត្ថកិច្ចម្នាក់ឱ្យរងរបួស ក៏សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ខណ្ឌព្រែកព្នៅ មិនបានអនុវត្តច្បាប់ ចាប់ខ្លួនជនជាប់ចោទ កសាងសំណុំរឿង បញ្ជូនទៅតុលាការឡើយ ថែមទាំងព្យាយាមជួយ លាក់បាំងការពិត និងសម្របសម្រួល សុំកុំឱ្យលោក និងសមត្ថកិច្ចម្នាក់ ដែលរងគ្រោះ ប្តឹងថែមទៀតផង។

លោក ញឹម សុគា បញ្ជាក់ថា ដូច្នេះ ហើយទើបលោកផ្តល់ក្តីសង្ឃឹមចុងក្រោយលើ ស្ថាប័នតុលាការថា អាចផ្តន្ទាទោស និងចេញដីកាចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ទៅដាក់ពន្ធនាគារ ឱ្យសមនឹងអំពើដែលបានប្រព្រឹត្ត លើពលរដ្ឋស្លូតត្រង់ និងកុំឱ្យមន្ត្រីរូបនេះក្លាយជាគំរូអាក្រក់ដល់បងប្អូនសមត្ថកិច្ចដែលល្អៗដទៃផ្សេងទៀត។

សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨កន្លងទៅលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស លោក ទឹម សៅសុភ័ក្ត្រ ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ពាក់ព័ន្ធករណី សំណុំរឿង បង្ករបួសស្នាម ដោយដកកាំភ្លើងដេញបាញ់សម្លាប់ពលរដ្ឋ ស្លូតត្រង់ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីដើមឆ្នាំ២០១៧។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ពីបទ បង្កឱ្យមានរបួសដោយអចេតនា ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលសង្កាត់សំរោង ផ្លូវ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ។

តំណាងអយ្យការ មិនបានចោទប្រកាន់ជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធបាញ់ ប៉ុនប៉ងសម្លាប់ជនរងគ្រោះឈ្មោះ ញឹម សុគា នោះទេ។

នៅក្នុងសវនាការលោកចៅក្រម និងតំណាងអយ្យការ បានបើកសវនាការ ដោយគ្មានវត្តមានជនជាប់ចោទនោះទេ ពោលគឺមានតែមេធាវី ការពារសិទ្ធិមកជាតំណាងតែប៉ុណ្ណោះ។

បន្ថែមលើនេះលោកចៅក្រម និងលោកស្រី តំណាងអយ្យការ បានសួរជនរងគ្រោះថា “ខ្លួនមិនមានរងរបួសអ្វីផង ហេតុអ្វីក៏ប្តឹងជនជាប់ចោទ?”

ជនរងគ្រោះបានឆ្លើយថា “ខ្លួនគ្មានរងរបួសមែន ហើយខ្លួនក៏មិនបានប្តឹងជនជាប់ចោទ ពីបទ បង្ករបួសស្នាមដែរ តែខ្លួនប្តឹងពីបទ ប៉ុនប៉ងមនុស្សឃាត ព្រោះអង្គហេតុដែលកើតឡើង គឺជនជាប់ចោទ បានដកកាំភ្លើងដេញបាញ់ខ្លួន សម្លាប់ចោល តែបាញ់មិនត្រូវ និងសម្លាប់ មិនបានដោយសារមាននគរបាល និងប្រជាជនជួយចាប់ជនជាប់ចោទ រហូតដល់ត្រូវរបួសមន្ត្រីនគរបាលម្នាក់ថែមទៀតផង”

ជនរងគ្រោះបន្ថែមថា ដូច្នេះ សូមលោកចៅក្រម និងលោកស្រី តំណាងអយ្យការ ពិនិត្យមើលអង្គហេតុ ឱ្យបានច្បាស់លាស់ មុនពេលសម្រេចសេចក្តី។

ជនរងគ្រោះ ឈ្មោះ ញឹម សុគា បានបញ្ជាក់ថា នៅថ្ងៃកើតហេតុខ្លួនបានជិះឡានម៉ាកបាឡែនទៅមើលស្រះត្រី ក្បែរកន្លែងកើតហេតុ។

ក្រោយមក ខ្លួនបានចូលទៅមើលគោនៅជាប់ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ពេលនោះ មានឈ្មោះ រ៉ា ភារុណ ជានគរបាលប៉ុស្តិ៍សសង្កាត់សំរោង បានហៅទៅផឹកនៅក្នុងប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង។

ពេលខ្លួនចូលទៅផឹកក៏ជួប នឹងជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ដែលជាមនុស្សធ្លាប់មានទំនាស់កាលពីមុន ក្នុងងរឿងទិញលក់ត្រី។

ក្រោយពីខ្លួនបាន ផឹកអស់ស្រាបៀរក្រោន អស់មួយកំប៉ុង ខ្លួនសុំទៅផ្ទះមុន ស្រាប់តែជនជាប់ចោទ បាននិយាយឌឺដងថា “គេមិនចង់ផឹកជាមួយយើងទេ ព្រោះយើងអ្នកក្រ” ខ្លួនក៏បតវិញ ខ្ញុំមិនមែនជាអ្នកមានអីទេ តែខ្លួនជាប់រវល់ ចឹងហើយសុំទៅផ្ទះមុន។

ពេលនោះជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ បានខឹង និងយកកែវស្រា និងកូនចានចង្គឹះ គប់សំដៅលើខ្លួន ប៉ុន្តែខ្លួនគេចផុត។

ដោយជនជាប់ចោទ ខឹងខ្លាំងពេកក៏ស្រែកគំរាមបាញ់សម្លាប់ ជនរងគ្រោះ ទើបជនរងគ្រោះបានចាកចេញពីកន្លែងកើតហេតុ ពេលនោះជនជាប់ចោទបាន ជិះឡាន ម៉ាក ព្រូស ពណ៌ស ទៅតាមបាញ់សម្លាប់ជនរងគ្រោះ ប៉ុន្តែត្រូវសមត្ថកិច្ច និងប្រជាជនជួយចាប់ ទើបជនជាប់ចោទ បានបាញ់ជនរងគ្រោះ ចំនួន ៤គ្រាប់ មិនត្រូវប៉ុន្តែត្រូវចំកំភួនជើង នគរបាលប៉ុស្តិ៍សង្កាត់សំរោងម្នាក់ឈ្មោះ ទឹម វណ្ណថេត ដួលនៅនឹងកន្លែង៕

មតិយោបល់