ព័ត៌មានជាតិ

ឃុំខ្លួនលោកស័ក្តិ៥យោធានៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលបាញ់តៃកុងតាក់ស៊ី ពីបទហិង្សាដោយអចេតនា

ភ្នំពេញៈ យោងតាមការឲ្យដឹងរបស់សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា ថា នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួន លោកយោធា ស័ក្តិ៥ បម្រើការ នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលផឹកស្រាស្រវឹង បាញ់អ្នករត់តាក់ស៊ី នៅពន្ធនាគារ ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំបន្តនីតិ នាពេលក្រោយ និងឲ្យជនបង្ករូបនេះ ភ្ញាក់រលឹកពីកំហុស កុំឲ្យថ្ងៃក្រោយ ដើរផឹកស៊ី អាងមានកាំភ្លើងចេះតែ បាញ់ពលរដ្ឋស្លូតត្រង់តទៅទៀត។

ប្រភពដដែលបានឲ្យដឹងថា លោក ងិន ពេជជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ ប៉ែន សាយវ័ន្ត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ យោធា មានឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ ទីលំនៅផ្ទះលេខ២៨២ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ និងបទ ហិង្សាដោយអចេតនា លើជនរងគ្រោះ មានឈ្មោះ ជុំ គា ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្ត កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែកុ​ម្ភៈ ឆ្នាំ២០១៨ នៅចំណុច ម្តុំ ​មុខ​អតីតរោង​កុនអង្គរ ខណ្ឌ៧មករា។

យោងតាមរបាយការណ៍បានបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែកុ​ម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបាន ចេញពីផឹកស៊ី នៅក្លឹបកាហ្សា បាន​ហៅ រថយន្តតាក់​ស៊ី របស់ជនរងគ្រោះជិះ។​លុះជិះដល់​ចំណុចកើតហេតុ ម្តុំ ​មុខ​អតីតរោង​កុនអង្គរ ខណ្ឌ៧មករា ជនសង្ស័យបាន​ដក​កាំ​ភ្លើង​ខ្លី​ ម៉ាកប្រាហា បាញ់​១​គ្រាប់ ចំច​ង្កេះ​ខាង​ស្ដាំ បណ្ដាល​ឲ្យ​ជនរងគ្រោះ​​របួស​ធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយបាញ់ជនរងគ្រោះ រួច ជនសង្ស័យបានចុះពីរថយន្តរត់គេចខ្លួន ចូលទៅពួននៅជណ្តើរលេខ៦៨ ជាន់ទី២ ផ្លូវ១៦៤ ភូមិ១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តង ដោយដកហូតបាន កាំភ្លើងខ្លី ម៉ាក ប្រាហា លេខ ៥១៨៣៦២ មានបង់មួយ និងគ្រាប់ចំនួន៧គ្រាប់។

សូមបញ្ជាក់ថា គេមិនទាន់ភ្លេចឡើយ នៅព្រឹត្តិករណ៍បាញ់ប្រហារមនុស្សឲ្យរងរបួស នៅក្នុងវង់ផឹកស៊ីរបស់ លោកមេធាវី អ៉ិត ពិសិដ្ឋរង្សី ក្បែរភូមិគ្រឹះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងទឹកដីខណ្ឌ៧មករា កាលពីចុងឆ្នាំ២០១៧ ហើយកាលពីពេលថ្មីៗ នេះលោកមេធាវី មានកាំភ្លើងប្រើរូបនេះ ត្រូវបានតុលាការសាលាឧទ្ធរណ៍ ដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។

ឥឡូវនេះ ទឹកដីខណ្ឌ៧មករា មានព្រឹត្តិការណ៍ បាញ់ប្រហារមនុស្ស បានកើតមានឡើងសារជាថ្មី គឺបង្កឡើងដោយមន្ត្រីយោធា ស្រវឹងស្រា បាញ់ប្រហារ អ្នករត់តាក់ស៊ីឲ្យរងរបួសធ្ងន់ ទៀតហើយ៕

មតិយោបល់