ព័ត៌មានជាតិ

ល្បិចបោកថ្មីទៀតហើយបងប្អូន! ភ្នាក់ងារវេរលុយទាំងអស់ សូមប្រយត្ន័!

នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបង្ហាញរូបភាពនៃបទល្មើសថ្មី ដែលបង្ករឡើងដោយជនសង្ស័យម្នាក់បានធ្វើសកម្មភាព បន្លំដកយកប្រាក់ ពីជនរងគ្រោះ ដែលករណីនេះ នគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យការពារ និងអន្តរគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបធ្វើការបង្ក្រាបបានកាលពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥និង៤៨នាទីល្ងាច ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកលុយរៀលខ្មែរ ចំនួន៨០,០០០រៀល បើកគណនីទ្រូម៉ាន់នី ផ្ទាល់ខ្លួន ហើយធ្វើការផ្ទេរទឹកប្រាក់ចំនួន១ដុល្លារ ទៅកាន់លេខទូរសព្ទ ០៦១ ៩៧០០៣៣ ដែលជារបស់ខ្លួនរួចហើយ បានទៅបន្លំដកប្រាក់ ពីទីតាំងភ្នាក់ងារទ្រូម៉ាន់នី របស់ឈ្មោះសុទ្ធ ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំដែលមាន ទីតាំងស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង,ខេត្តសៀមរាប ដោយប្រាប់ថាមកដកប្រាក់ ចំនួន១,០០០ដុល្លារ។ ពេលនោះប្អូនរបស់ជន រងគ្រោះឈ្មោះរ៉ែម សាហុច ភេទស្រី អាយុ២៣ឆ្នាំ ដែលជនរងគ្រោះពឹងអោយជួយមើលកន្លែងអាជីវកម្មរបស់ខ្លួន ក៏បានបញ្ចូលលេខកូដ ចូលម៉ាស៊ីន ក៏ស្រាប់តែចេញតួរលេខចំនួនទឹកប្រាក់ ១,០០០ ស្មានតែចំនួនលុយ១,០០០ដុល្លាមែនក៏យកប្រាក់ឲ្យជនសង្ស័យតែម្តង ។
ពេលបានលុយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ តាមពិតលុយដែលជនសង្ស័យត្រូវដក គឺចំនួន១ដុល្លារតែប៉ុណ្ណោះ តែជនសង្ស័យបានសរសេរក្នុងក្រដាសដកយកលុយចំនួន១០០០ដុល្លារ។ ដោយទីតាំងរបស់ខ្លួនមានបំពាក់កាមរ៉ាសុវត្តិភាព ជនរងគ្រោះក៏បានយករូបថតមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

លុះដល់ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧យប់ ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងតែឈរចូលដកប្រាក់នៅកន្លែង ផ្ទេរប្រាក់ទ្រូម៉ាន់នី ដែលមានទីតាំង ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក៏បានរាយការណ៍ជូនសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នគរបាលផ្នែកព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរង ទទួលព្រហ្មទណ្ឌ បានធ្វើការសាកសួរ និងបើកការស្រាវជ្រាវបន្ថែម ចំពោះបទល្មើស ដែលជនសង្ស័យ ឈ្មោះ សុខា បារាំង ភេទប្រុស អាយុ ៣២ឆ្នាំ ភេទ ប្រុស ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង,ខេត្តសៀមរាប និង (ភូមិតាវៀន) សង្កាត់ សាលាកំរើក។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនរងគ្រោះបន្ថែមម្នាក់ទៀត មានឈ្មោះ អ៊ុយ សុខា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងកន្លែងវេរលុយ នៅចំណុចជិតបេនឡាន ចុងកៅស៊ូ ស្ថិតក្នុងក្រុមទី៥ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ក៏បានរងគ្រោះខាតបង់លុយអស់ចំនួន១ពាន់ដុល្លា តែជនរងគ្រោះកន្លងមកមិនបានដាក់ពាក្យបណ្តឹងទេ ដែលបង្ករឡើងដោយជនសង្ស័យរូបនេះនិងបក្ខពួកម្នាក់ទៀត ផងដែរ។

ចំណែកជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានប្រព្រឹត្ត បទល្មើសដូចការរៀបរាប់ខាងលើ បានចំនួន២លើក ទទួលបានលុយចំនួន២ពាន់ដុល្លារ យកទៅដើរស៉ីចាយអស់ហើយ ។

វត្ថុតាងដែលនគរបាលយើងបានធ្វើការស្រាវជ្រាវនិងដកហូតបន្ថែមមាន ម៉ូតូម៉ាក វេសស្បា ពណ៌ខៀវផ្ទៃមេឃ ចំនួន១គ្រឿង ,ទូរសព្ទចំនួន២គ្រឿង រួមជាមួយស៉ីមកាតជាច្រើនបន្ទះ វិក័យបត្រ័វេរប្រាក់និងដកប្រាក់ជាច្រើនសន្លឹក។

ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។ចំណែក បក្ខពួកជនសង្ស័យម្នាក់ទៀត នគរបាលមានសាវតាជាតិគ្រប់គ្រាន់ កំពុងធ្វើការស្វែងរកតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់