ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តជ្រុលទៅបុកម៉ូតូកង់បីពីក្រោយបណ្តាលប៉ើងទៅលើចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងម្ខាង និងបាក់របាំងថ្មអស់២ផ្ទាំង បណ្តាលម្ចាស់រងរបួសធ្ងន់ រថយន្តបង្កបានព្យាយាមបើករត់បានជាង២គីឡូម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់មកវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយនេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6345 បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានចង្កូតមកខាងស្តាំដៃ ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AB-3183 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីប៉ើងទៅលើចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងម្ខាង និងបាក់របាំងថ្ម២ផ្ទាំងដាក់នៅនិងចិញ្ចើមផ្លូវផងដែរ។ ចំណែកម្ចាស់រ៉ឺម៉កម៉ូតូកង់បីរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្តបង្កបានធ្លាក់ខាងមុខនៅនឹងកន្លែងកើតហេតុ ហើយម្ចាស់រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋមួយក្រុមឃើញការណ៍នេះដេញតាមពីក្រោយមកដល់ចំណុចក្រុមហ៊ុនលក់រថយន្ត BMW ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានប្រជាពលរដ្ឋចាប់បានតែត្រូវបានម្ចាស់រថយន្តបង្កបានគំរាមកំហែងនិងបម្រុងដកកាំភ្លើងបាញ់ប្រជាពលដ្ឋដែលដេញតាមផងដែរ ខណៈនោះអ្នកសាព័ត៌មានបានចុះទៅផ្តិតយករូបភាពត្រូវបានម្ចាស់រថយន្តបង្កគំរាមកំហែងបន្ថែមទៀត។ ចំណែកម៉ូតូរងកាខូចខាតស្ទើទាំងស្រុង រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូកង់បីនិងរថយន្តព្រមទាំងម្ចាស់រថយន្តបង្កទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/3PiXsWs3wcE
មតិយោបល់