ព័ត៌មានជាតិ

ពលរដ្ឋ​២​ភូមិ​នៅ​ស្រុក​ម៉ាឡៃ​ឡើងមក​តវ៉ា​នៅ​មុខ​សាលាខេត្ត​អំពី​បញ្ហា​ទំនាស់​ដីធ្លី​ជា​យូរ​ឆ្នាំ​មកហើយ​

បន្ទាយមានជ័យ​៖ ​ពលរដ្ឋ​ចំនួន​២​ភូមិ​នៅ​ក្នុងស្រុក​ម៉ាឡៃ​ ដែលមាន​ចំនួនសរុប ៧០​នាក់ បាន​ជិះ​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង និង​ម៉ូតូ​ចំនួន​៤​គ្រឿង មក​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បីឲ្យ​លោក​អភិបាលខេត្ត​ជួយ​រក​ដំណោះស្រាយ អំពី​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​២​ភូមិ​ និង​ឈ្លោះទាស់ទែង​ ជាមួយ​ឈ្មោះ ហេង កា​រិន អស់​រយៈពេល​ជាច្រើនឆ្នាំ ចាប់ពី​ឆ្នាំ​២០០៦ រហូតមកដល់​សព្វថ្ងៃ​នេះ។

​តាម​ការអះអាង​របស់តំណាង​ប្រជាពលរដ្ឋ ​២​ភូមិ​ដែល​មានឈ្មោះ ចាន់ ប៊​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា​ “គាត់​ឡើង​មក​សាលាខេត្ត​នេះ ​ដើម្បីឲ្យ​លោក​អភិបាលខេត្ត ​ស៊ុំ សារឿ​ត ជួយ​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ គឺ​ភូមិ​អូរ​តេះ និង​ភូមិ​ស្វាយ ដែល​មាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ​និង​មាន​ដី​កំពុង​ធ្វើ​ស្រែ​ចំនួន ២៣០​ហិច​តា ហើយ​ដី​ចំនួន​២៣០​ហិច​តា​នោះ​កំពុងតែ​មាន​ទំនាស់​យ៉ាងខ្លាំង​នឹង​ឈ្មោះ ហេង កា​រិន ភេទ​ប្រុស ឋានៈ​ជា​អង្គរក្ស​របស់​សម្ដេច​តេជោ​ហ៊ុនសែន អាយុ​ប្រហែល​៥០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត ហើយ​បុរស​នោះ​បាន​និយាយថា ដី​ដែល​ខ្លួន​មាន​ទំនាស់​ចំនួន ​២៣០​ហិច​តា​នោះ ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ជា​យូរ​ខែ​ឆ្នាំ​មកហើយ ដី​ទាំងអស់​នោះ​ខ្លួន​បាន​ទិញ​ពី​ឃុំ​ និង​ស្រុក”។

​លោក ចាន់ ប៊​ន បាន​និយាយ​បន្តថា​ នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ​២០១៤ ស្ថិត​នៅ​ដី​ចំនុច​ភូមិ​ប្រាសាទ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នោះ​ឈ្មោះ ហេង កា​រិន បាន​យក​ម៉ៃ​ខូចំ​នួន​១​គ្រឿង និង​ត្រាក់ទ័រ​ឈូស​ដី​១​គ្រឿង ហើយ​បាន​យក​ថ្នាំ​ទៅ​បាញ់​លើ​ដីស្រែ​ប្រជាពលរដ្ឋ​កំពុង​មានទំនាស់​យ៉ាង​ងងើល អស់​ចំនួន​ដី​ប្រហែល​១​ហិច​តា ពេលនោះ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​នោះ​ឃើញ​ទាន់​ក៏​នាំគ្នា​កាន់​កាំបិត​ដំបង​រត់​យ៉ាង​ប្រសេកប្រសាច​នាំគ្នា​ទៅ​ធ្វើ​ការទប់ស្កាត់ កុំ​ឲ្យ​ម្ចាស់​ម៉ៃ​ខូ​ និង​ម្ចាស់​ត្រាក់ទ័រ ភ្ជួរ​លើ​ដីស្រែ​របស់​គាត់​បន្តទៅទៀត ។ ពេលនោះ ក៏​មាន​អំពើហិង្សាកើតឡើង​រវាង​ម្ចាស់​ម៉ៃ​ខូ ​និង​ម្ចាស់​ត្រាក់ទ័រ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​កើតឡើង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចង់​យក​ភ្លើង​ទៅ​ដុត​ម៉ៃ​ខូ​កម្ទេ​ចចោល​ទៀត​ផង ស្របពេល​ដែល​កំពុងតែ​មាន​ការប្រទុស្តរាយ​គ្នា​នោះ មាន​ប៉ូលិស​ប៉ុស្តិ៍​តា​គង់​ចំនួន​២​នាក់ កាន់​កាំភ្លើង​គ្រប់​ដៃ​និង​ប៉ូលិស​ស្រុក​ម៉ាឡៃ​ ១​ក្រុម ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បាន​ធ្វើ​អន្តរាគមន៍​កុំឲ្យ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ព្រមទាំង​ម្ចាស់​ម៉ៃ​ខូ​ និង​ម្ចាស់​ត្រាក់ទ័រ​ឈ្លោះ​គ្នា​បន្តទៅទៀត ហើយ​ខ្លួន​ប៉ូលិស​បាន​និយាយថា ខ្លួន​និង​យក​រឿង​នេះ​យក​ទៅឲ្យ​ថ្នាក់​លើ​ដើម្បី​ជួយ​ដោះស្រាយ​បន្ត ។​

​លោក ចាន់ ប៊​ន បាន​និយាយ​បន្តថា​៖ ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ដែល​ឡើង​មក​មុខ​សាលាខេត្ត​នេះ គោលបំណង​សំខាន់​នោះ​គឺ ចង់ឲ្យ​លោក​អភិបាលខេត្ត​ឲ្យ​បង្កើត​ក្រុមការងារ ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​ដី​មាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​និង​ឈ្មោះ ហេង កា​រិន ឲ្យបាន​ដិត​ដល់​ថា​តើ​ដី​នៅ​កន្លែង​មាន​ទំនាស់​នោះ​ជា​ដី​របស់​អ្នកណា​ពិតប្រាកដ ហើយ​ក្រោយពី​ដែល​លោក​អភិបាលខេត្ត​ធ្វើការ​វាស់វែង​ឲ្យ​ពួក​គាត់​ហើយ​នោះ គាត់​ធ្វើ​ការបោះបង្គោល​ព្រំ​ឲ្យបាន​ជាប់​ជាក់លាក់​កុំ​ឲ្យឈ្មោះ កា​រិន ជា​គូទំនាស់​នោះ​យក​ម៉ៃ​ខូ​ទៅកាយ​ដីស្រែ​របស់​គាត់​បន្ត​ទៅ​ទៀត៕​
photo 2(1)

photo 3photo 4

មតិយោបល់