ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីអុកឡុកកន្លែងត្រួតពិនិត្យច្បាប់ចរាចរណ៍

ភ្នំពេញៈ បុរសម្នាក់បានអុកឡុក និងស្រែឡូឡា នៅកន្លែងគោលដៅត្រួតពិនិត្យច្បាប់របស់នគរបាលចំរុះខណ្ឌព្រែកព្នៅ ដោយសារគាត់ខឹងសមត្ថកិច្ចផាកពិន័យគាត់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៦ នៅផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បុរសខាងលើឈ្មោះ សៀ ផល្លា អាយុ៣៥ឆ្នាំមុខរបរមន្ត្រីអង្គការក្រៅរដ្ឋាភិបាលស្នាក់នៅផ្ទះលេខ១៤៨ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកនាយផ្នែកនគរបាលចរាចណ៍ខណ្ឌព្រែកព្នៅ ដែលកំពុងអនុវត្តន៍ច្បាប់ផ្ទាល់បានប្រាប់ថា កាលពីព្រឹកថ្ងៃទី១៥ មិថុនា បុរសខាងលើបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយទឹកប្រាក់ ស្លាកលេខ ONG200-1-1847 ដោយមានឌុបក្មេងជំទង់ៗពីក្រោយ២នាក់ ហើយអ្នកជិះនៅខាងក្រោយនោះមិនមានពាក់ពួកសុវត្តិភាពទេ បានធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលនោះសមត្ថកិច្ចនគរបាលបានហៅឲ្យឈប់ណែនាំ ហើយក៏ចេញបង្កាន់ដៃផាកពិន័យ ដោយឲ្យបុរសខាងលើយកទៅបង់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ ឬក៏ឲ្យទៅបង់នៅអធិការខណ្ឌព្រែកព្នៅ។ ប៉ុន្តែបុរសខាងលើបានទាមទាបង់នៅកន្លែង ខណៈដែលសមត្ថកិច្ចតម្រូវឲ្យទៅបង់នៅកន្លែង ដែលបានកំណត់ធ្វើ ព្រោះតែរឿងប៉ុណ្ណឹង ធ្វើឲ្យបុរសនោះខឹងច្រឡោតក៏ជិះម៉ូតូចេញទៅបាត់។

លុះមកដក់ព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៦ បុរសខាងលើបានបើកម៉ូតូដដែលឆ្លងកាត់គោលដៅត្រួតពិនិត្យម្តងទៀត ដោយមានដឹកក្មេងជំទង់ពីក្រោយដល់ទី៣នាក់ មិនមានពាក់មួកសុវត្ថិភាព ហើយសមត្ថកិច្ចបានហៅម្តងទៀត ធ្វើឲ្យបុរសខាងលើខឹងស្រែកឡូឡា ថែមទាំងយកទូរស័ព្ទមកថតសមត្ថកិច្ចដែកកំពុងបំពេញការងារទៀតផង។ ដោយឃើញទង្វើរបស់បុរសខាងលើនេះ មិនគោរពច្បាប់ហើយអាងខ្លួនធ្វើការនៅអង្កការក្រៅរដ្ឋាភិបាលផងនោះ ទើបសមត្ថកិច្ចបានរាយការណ៍ទៅលោកអធិការខណ្ឌសុំគោលការណ៍ ដើម្បីមានវិធានការ។

ពាក់ព័ន្ធករណីនេះ បុរសខាងលើបានប្រាប់ថា ដើមឡើយគាត់សុំឲ្យសមត្ថកិច្ចធ្វើការពិន័យនៅនឹងកន្លែងទៅ ព្រោះគាត់រវល់ ហើយសមត្ថកិច្ចគោលដៅមិនចេះយោកយល់ដល់គាត់ ដែលជាអ្នកធ្វើការដូចគ្នា និងមានសំដីមិនសមរម្យ ទើបគាត់តបតទៅវិញបង្កជាជម្លោះបែបនេះ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធនិងករណីចុះត្រួតពិនិត្យល្មើសច្បាប់ចរាចរណ៍នេះមិនតម្រូវឲ្យពិន័យប្រាក់នៅនិងកន្លែងឡើយ គឺត្រូវចេញជាវិក្កយបត្រឲ្យម្ចាស់យានយន្តទោលចក្រយានយន្តទៅបង់នៅគោលដៅដែលសមត្ថកិច្ចបានកំណត់។

ក្រោយមកលោកអធិការបានបញ្ជាឲ្យនាំខ្លួនបុរសខាងលើ យកទៅប្រគល់ឲ្យផ្នែកព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

https://youtu.be/JRAhxY4snHQ

https://youtu.be/FMIo3YbYBDY

https://youtu.be/RAQRuKHx6vc

https://youtu.be/lA7pz86dvGQ

មតិយោបល់