ព័ត៌មានជាតិ

ពិធីទទួលទានអាហារដើម្បីមនុស្សធម៌ ស្វែងរកថវិកាដើម្បីជួយឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

(ភ្នំពេញ): ក្រុមសហស្សវត្សមនុស្សធម៌ និង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ព្រមទាំងមន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា និង ក្រុមសម្ព័ន្ធឌីជេកម្ពុជា បានរួបរួមគ្នារៀបចំកម្មវិធីមនុស្សធម៌មួយ ហៅថា កម្មវិធីទទួលទានអាហាដើម្បីមនុស្សធម៌ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ សៅរ៍ ទី២ ខែមេសា ឆ្នាំ២០១៦ វេលាចាប់ពីម៉ោង ៥ និង ៣០នាទីល្ងាច រហូតដល់ម៉ោង ១០យប់ នៅភៅជនីយដ្ឋាន ទន្លេបាសាក់ ២ រាជធានីភ្នំពេញ។ 
តម្លៃសំបុត្រសំរាប់ការចូលរួម គឺ ២៥ ដុល្លារអាមេរិក ក្នុងមួយនាក់ ដែលអាចនឹងមានអ្នកចូលរួមប្រមាណពី ៥០ ទៅ ១០០នាក់ ដែលអ្នកទាំងនោះ មកពីបណ្តាក្រុមហ៊ុន និងស្ថាប័ន្ធផ្សេងៗ ជាច្រើនទៀតផង។
កម្មវិធីនារាត្រីនោះ នឹងត្រូវបានចាប់ផ្តើមដោយមានការទទួលបដិសណ្ឋារកិច្ចដោយភេស្ជជ: និងមានការថ្លែងសុន្ទរកថា បង្ហាញថា តើមន្ទីរពេទ្យកុមារអង្គរ ជាអ្នកណា សកម្មភាពជាច្រើនរបស់មន្ទីរពទ្យ រួមជាមួយនឹងការញ៉ាំអាហាររួមគ្នា ដោយមានសម្តែង ការប្រគុំតន្ត្រី និងច្រៀងកម្សាន្ត របស់សិល្ប:ករ សិល្ប:ការិនីខ្មែរ ដូចជាលោក ហ្សូណូ លោក យឹន យន ឌីជេក្តឹប លោកសុខ គា រួមជាមួយនឹងតារាកិត្តិយសខ្មែរ ជាច្រើនអ្នកទៀត។ នៅក្នុងរាត្រីនោះដែរ ក៏មានកម្មវិធីការចាប់ឆោ្នតផ្សងសំណាងយកនូវរង្វាន់ជាច្រើន សំរាប់អ្នកដែលបានចូលរួមដើម្បីធ្វើកម្មវិធី នារាត្រីនោះ ឲ្យកាន់តែសប្បាយរីករាយថែមទៀត។
អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នាដែលជាអ្នកផ្តួចផ្តើម និងរៀបចំកម្មវិធី មានកិត្តយសសូមគោរពអញ្ជើញសម្តេច ទ្រង់ លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនទាំងអស់ មេត្តាចូលរួម និងជួយឧបត្ថម្ភ ជាថវិកា ជារង្វាន់ផ្សេងៗសំរាប់ចាប់ឆ្នោត និង ផ្សព្វផ្សាយអំពីកម្មវិធីនេះបន្ថែមទៀត ដើម្បីឲ្យមានការចូលរួមយ៉ាងអធឹកអធម ពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ 
មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យកុមារមួយបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយជាងថតរូបជនជាតិជប៉ុន លោក ខេនរ៉ូ អ៊ីស៊ុ ដើម្បីផ្តល់នូវការ ពិនិតព្យាបាល និងថែទាំសុខភាពប្រកបទៅដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណាដល់កុមារមកពីគ្រប់ទិសទី ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ។ 
ជាមួយទស្សន:វិស័យដែលកុមារគ្រប់រូបនឹងទទួលបានសិទ្ធិក្នុងការដែលមានជីវិតពោរពេញដោយសុខុមាលភាព ទោះជាពួកគេរស់នៅក្នុងស្ថានភាពណាក៏ដោយ។ មកដល់សព្វថ្ងៃនេះ មន្ទីរពេទ្យកុមារអង្គរបានទទួលការព្យាបាលប្រមាណជាង ១លាន ៥សែន ករណីដែលកើតឡើងចំពោះកុមារកម្ពុជា ជាពិសេសកុមារមកពីតាមជនបទ និងក្រីក្រ។
ក្នុងនោះដែរ ខាងភោជនីដ្ឋាន ទន្លេបាសាក់២ ក៏បានចូលរួម ជាមួយកម្មវិធីមនុស្សធម៌នេះផងដែរ។ សូមបញ្ជាក់ថា ភោជនីដ្ឋាន ទន្លេបាសាក់២ ក៏មានសេវារៀបចំអាពាហ៍ពិពាហ៍ តាមគេហដ្ឋាន និងអគារមង្គលការផ្សេងៗ ចាប់ពី ១៧០ដុល្លារ ក្នុងមួយតុ៕

   
 

មតិយោបល់