ភ្នំពេញៈ គូស្នេហ៍មួយគូ បានរងរបួសធ្ងន់ បន្ទាប់ពីបានបើករថយន្តមួយគ្រឿងមកឈប់នៅខាងមុខផ្ទះជួលរបស់ខ្លួន ស្រាប់តែមានខ្មាន់កាំភ្លើងបានបើករថយន្តមួយគ្រឿងទៀតមកឈប់ក្បែរហើយបានដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់ទៅលើគូរស្នេហ៍មួយគូនោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ចំណែកឯខ្មាន់កាំភ្លើងបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍បាញ់យ៉ាងសេរីនិងបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលអត់លេខ ខាងលិចផ្សារក្រមួនប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវ១៩៧៤ ភូមិភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១មានឈ្មោះ សិង វិន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការនៅក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ។ ទី២មានឈ្មោះ គង់ វិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជំនួញ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញគូសង្សារគូ បានបើករថយន្តមួយគ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5081 មកឈប់នៅត្រង់ចំណុចកើតហេតុដែលជាចក្រចូលបន្ទប់ជួលរបស់នារីជាសង្សារ ដោយមិនបានចុះពីលើរថយន្តនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានលេចមុខខ្មាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណបាន បើករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើក តាមបណ្តោយផ្លូវ១៩៧៤ ក្នុងទិសដៅពីលិចទៅកើត ហើយបានមកឈប់ទន្ទឹមនឹងរថយន្តរបស់ជនរងគ្រោះ រួចបុរសជាខ្មាន់កាំភ្លើងរូបនោះបានដកខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ទម្លុះរថយន្តរបស់ជនរងគ្រោះសំដៅបុរសនិងនារីរងគ្រោះខាងលើជាច្រើនគ្រាប់បណ្តាលអោយធ្លុះកញ្ចក់រថយន្តខាងស្តាំ ធ្លាយទៅចំនារីរងគ្រោះចំនួន៣គ្រាប់ (ចំដៃខាងឆ្វេងមួយគ្រាប់ និងចំស្មារខាងស្តាំចំនួនពីរគ្រាប់) និងបុរសរងគ្រោះរងរបួសចំស្មារខាងស្តាំចំនួនមួយគ្រាប់ និងធ្លាយចេញពីទ្វាររថយន្តខាងឆ្វេង ទៅចំទ្វារផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយគ្រាប់ ទើបបង្កឲ្យអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងចេញមកមើល។ ភ្លាមៗនោះខ្មាន់កាំភ្លើងរូបនោះបានបើករថយន្តគេចខ្លួនចេញពីកន្លែងតហេតុបាត់ស្រមោល។
បន្ទាប់មកជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានប្រជាពលរដ្ឋដឹកតាមរថយន្តតាកូម៉ាខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។ ហើយនៅជុំវិញក្នុងករណីបាញ់រះខាងលើនេះយើងមិនទាន់មានការបញ្ជាក់ពីប្រភពណាមួយបាននោះទេ ថាបង្កឡើងដោយសារតែមូលហេតុអ្វីនៅឡើយ។
ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានចុះមកដល់ និងបានដើររើសក្បាលគ្រាប់ឃើញចំនួន៣គ្រាប់។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានយកក្បាលគ្រាប់ដែលបន្សល់ទុកពីខ្មាន់ទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់យកមកដាក់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់