កំពង់ឆ្នាំងៈ រថយន្តហ៊ីយាន់ដាយមួយគ្រឿងបានសាកម្លាំងជាមួយដើមត្រសេកបាក់ដាច់ធ្លាក់ចូលវាលស្រែ រថយន្តខ្ទេចមួយកំណាត់មុខ អ្នកបើកបរបានកៀបជាប់ក្នុងរថយន្ត របួសធ្ងន់ធ្ងរ បាក់ជើង២កំណាត់ ចំណែកព្រូរថយន្តរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង១៥នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៣ស្ថិតនៅក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
រថយន្តបង្កម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក៣០៥៨ ភព៣ ជនរងគ្រោះ២នាក់ រស់នៅក្នុងឃុំពង្រ ស្រុករលារប្អៀរ ជាកម្មករបើកបររថយន្តដឹកទឹកកក ឲ្យក្រុមហ៊ុនផលិតទឹកកកមួយ ស្ថិតក្នុងភូមិ ក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស។
នគរបាលប៉ុស្តិ៍រដ្ឋាលជ្រៃបាក់បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកបរពីកើតទៅលិច គឺពីកំពង់ឆ្នាំងទៅកាន់រោងចក្រផលិត ទឹកកកនៅក្នុងឃុំតាំងក្រសាំង ដើម្បីដឹកទឹកកកពីរោងចក្រយកមកលក់ឲ្យម៉ូយនៅក្រុងកំពង់ឆ្នាំង មកដល់ចំណុកកើតហេតុបានបុកដើមត្រសេកមួយដើម ដាច់ប៉ើងធ្លាក់ចូលវាលស្រែ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នាជួយគាស់យកជនរងគ្រោះ ចេញពីក្នុងរថយន្ត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងបន្តបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយសារតែសភាពរបួសគេធ្ងន់ធ្ងរ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្តាលមកពីអ្នកបើកបរបើកលឿនក្នុងស្ថានភាពស្រវឹងឬងោកងុយ ទើបរេចង្កូតបុកដើមត្រសេកពេញទំហឹងបែបនេះ៕
មតិយោបល់