ភ្នំពេញៈ ឆ្លើយតបនឹងព័ត៌មានដែលអះអាងថា តារាកំប្លែងវ៉ាន់ នីឡា ផ្ដាច់ពាក្យ លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រជាឪពុក បានបញ្ចេញប្រតិកម្មពេញទំហឹង ដោយចោទថា នោះជាព័ត៌មានបង្ខូចឈ្មោះ និងបណ្ដាលឲ្យមានការយល់ច្រឡំចំពោះកូនស្រី និងគ្រួសារលោកផ្ទាល់។ យ៉ាងណាមិញ លោកថា មិនមានគម្រោងដាក់ចេញចំណាត់ការណាមួយទៅកាន់អ្នករំលេចព័ត៌មានមិនពិតនោះទេ។
លោកតាវ៉ិចទ័រ បានថ្លែងប្រាប់ Postnews អម្បាញ់មិញថា កូនស្រីរបស់លោកគឺវ៉ាន់ នីឡា និងគូដណ្ដឹងរបស់នាង មិនមានរឿងផ្ដាច់ពាក្យណាមួយដូចអ្វីដែលបានលើកឡើងឡើយ ហើយលោកក៏សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលផងដែរ នៅពេលនៅលើហ្វេសប៊ុកស្រាប់តែមានដំណឹងដែលលោកចាត់ទុកថា ហួសចិត្តមួយនោះកើតឡើង។
លោកនិយាយថា «ខ្ញុំឆ្ងល់អ្នកបញ្ចេញព័ត៌មាននឹងមែនទែន តើគាត់បានដំណឹងនឹងមកពីណា បើកូនខ្ញុំ គ្រួសារខ្ញុំសុខសប្បាយនឹងគ្នាសោះហ្នឹង»។
លោកអះអាងថា វ៉ាន់ នីឡា ក៏មិនបាននិយាយបែបកំប្លែងណាមួយនាំឲ្យមានការយល់ច្រឡំលើករណីហ្នឹងនោះដែរ ដោយសារតែគ្រប់ពេលនិយាយស្ដី គឺលោកជាអ្នកគ្រប់គ្រងតាមដានគ្រប់សកម្មភាពរបស់កូនស្រី និងតារាកំប្លែងរួមក្រុម។
លោកប៉ាន់ស្មានថា នោះជាបញ្ចេញទិន្នន័យបង្ខូចឈ្មោះ ទើបនាំឲ្យមានអ្នកយល់ច្រលំខ្លះឈានទាំងជេរប្រមាថមកលើកូនស្រីដោយសូម្បីតែមិនទាន់បានដឹងការពិតនៅឡើយ។ លោកថា មហាជនគួរតែស្វែងយល់ដំណឹងឲ្យបានច្បាស់សិន មុននឹងធ្វើការសម្រេចកាត់ក្ដី ព្រោះដ្បិតករណីផ្ដាច់ពាក្យរវាងវ៉ាន់ នីឡា និងគូដណ្ដឹង គឺមិនមែនជាការពិតសូម្បីតែបន្តិច។
គួរបញ្ជាក់ថា វ៉ាន់ នីឡា តារាកំប្លែងល្បីឈ្មោះ និងលោក ផន រង្សី ជាកូនប្រុសរបស់ថៅកែល្ខោនភីសុគន្ធី ទើបតែបានភ្ជាប់ពាក្យគ្នា កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦ មុននេះប៉ុណ្ណោះ ទើបក្រោយផ្ទុះដំណឹងផ្ដាច់ពាក្យបានធ្វើឲ្យអ្នកតាមដានខកចិត្ត និងឈានដល់ការរិះគន់វ៉ាន់ នីឡា។ យ៉ាងណាមិញ ក្រោយការបញ្ជាក់នេះ លោកតាវ៉ិចទ័រជាឪពុកបានអះអាងថាការយល់ច្រលំទាំងឡាយនឹងត្រូវបញ្ចប់៕
មតិយោបល់