ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះ៣ខ្នង នៅឃុំរការខ្នុរ រកឃើញអាវុធAK ១ដើម

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ មានអគ្គិភ័យមួយកើតឡើងនៅចំណុចភូមិទី៤ ឃុំរការខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

អគ្គិភ័យនេះបានបំផ្លាញផ្ទះ៣ខ្នង រួមមាន៖ ទី១.ឈ្មោះ ឈីម ស្រ៊ីន អាយុ៨១ឆ្នាំ ឆេះផ្ទះទំហំ ៥,៦ x ១០ ម៉ែត្រ សង់អំពីឈើប្រកសង្ក័សី , ទី២.ឈ្មោះ ឈឿង សេងហ៊ា អាយុ៥០ឆ្នាំ ឆេះផ្ទះទំហំ ៧ x ១៥ ម៉ែត្រ សង់អំពីឈើប្រកក្បឿង , និងទី៣.ឈ្មោះ ហុង ឈាងខ្វាន់ ឆេះផ្ទះទំហំ ៧ x ៨ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។

ក្នុងករណីអគ្គីភ័យនេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤ គ្រឿង ក្នុងនោះមានរថយន្តរបស់ស្រុកក្រូចឆ្មា ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងក្រុងសួង ដើម្បីធ្វើជួយពន្លត់អគ្គីភ័យ ដែលកំពុងឆាបឆេះ រហូតដល់ម៉ោង ១១យប់ទើបរលត់ទៅវិញ។

ចំណែកសម្ភារ:ដែលខូចខាតមានប្រាក់ដុល្លាចំនួន ៧០០ដុល្លារ គ្រឿងអលង្កាមាសផ្លាទីនមួយចំនួន , និងសម្ភារ:ផ្សេងៗមួយចំនួនទៀត។
ក្រោយពេលពន្លត់ករណីភ្លើងឆេះផ្ទះ នគរបាលស្រុកក្រូចឆ្មារ រកឃើញអាវុធ AK ១ដើម នៅក្នុងគំនរភ្លើង ផ្ទះឈ្មោះ ឈឿន សេងហ៊ា ភេទប្រុស អាយុ៤៨ឆ្នាំ បច្ចុប្បន្ននៅប្រទេសថៃ (ចំណាកស្រុកប្រហែល៨ឆ្នាំមុន)
អតីតកាលឈ្មោះ សេង ហ៊ា ជាប្អូនរបស់លោកសង្កាត់រកាខ្នុរ និងធ្លាប់ធ្វើជាសេនាជនឃុំ៕

មតិយោបល់