ព័ត៌មានជាតិ

ខ្ចីម៉ូតូតែមួយភ្លែត បាត់ដំណឹងដល់ថ្ងៃ ត្រូវម្ចាស់ប្រទះឃើញ ក៏ប្ដឹងប៉ូលិសឲ្យចាប់ចូលប៉ុស្តិ៍

កណ្ដាលៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីរំលោភលើសេចក្ដីទុកចិត្ត ត្រង់ចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឡាង សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទ្វារ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនល្មើសឈ្មោះមាស ដាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សម្ភារបាត់បង់រួមមាន ម៉ូតូ១គ្រឿង ម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ១FF-០៤៤៥ ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុ ជនល្មើស បានសុំខ្ចីម៉ូតូជនរងគ្រោះ ដោយនិយាយថា ខ្ចីជិះទៅលេងណេតមួយភ្លែត រួចក៏ជិះទៅបាត់រហូត ។ លុះដល់ថ្ងៃទី១១ ខែឆ្នាំដដែល ទើបជនរងគ្រោះឃើញជនល្មើស នៅម្តុំភូមិដើមគរ សង្កាត់ដើមមៀន ក៏បានប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ជិះទៅលេងណេតចាញ់លុយអស់
ហើយ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំនៅហាងបញ្ចាំ មិនចាំយីហោម្តុំផ្សារឃ្លាំងរំសេវ បានលុយចំនួន២៨០ដុល្លារ យកទៅលេងណេតនៅភ្នំពេញ ចាញ់អស់បាត់ទៀត ។

ករណីនេះ សមត្ថកិច្ចក្រុងតាខ្មៅ កំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់