ព័ត៌មានជាតិ

រថយន្តក្រុងរបស់ក្រុមហ៊ុនឫទ្ធិមុនី បុកអ្នកថ្មើរជើងម្នាក់ស្លាប់

កណ្តាលៈ លោកអធិការស្រុកពញាឮ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តក្រុង និងអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតផ្លូវជាតិលេខ៥ ត្រង់ចំណុចគីទ្បូម៉ែត្រ ២៣ និង២៤ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃខែកើតហេតុ មានរថយន្តក្រុងមួយគ្រឿង ម៉ាក KIA ពណ៌ស ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-2880 ប្រភេទដឹកអ្នកដំណើរធុនធំ របស់ក្រុមហ៊ុនឫទ្ធិមុនី បើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏បុកអ្នកថ្មើរជើងដើរឆ្លងថ្នល់ម្នាក់ ពីលិចទៅកើត បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈរថយន្តរងការខូចខាតស្រាលប៉ុណ្ណោះ។

ជនរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុ ប្រហែល៧០ ឆ្នាំ (ជាជនអនាថា) ក្រោយកើតហេតុ តាកុងរថយន្ត បានរត់គេចខ្លួនបាត់ បច្ចុប្បន្នសព ត្រូវបានដម្កល់ទុក នៅវត្តសុវណ្ណារី (ហៅវត្តចាស់) រីឯរថយន្តយកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីចាត់ការបន្តនិតិវិធី៕

មតិយោបល់