ព័ត៌មានជាតិ

សមត្ថកិច្ច ចុះឆែកឆេរផ្ទះខ្មាន់កាំភ្លើងដែលបាញ់រះទៅលើសង្សារ១គូ នៅបុរីហ្គ្រេន ជ្រោយចង្វារ!

​ភ្នំពេញៈ កម្លាំងនគរបាលកម្រិតធ្ងន់រាជធានីភ្នំពេញ ដឹកនាំដោយលោកអេង សោភា សហការជាមួយនគរបាលខណ្ឌសែនសុខ និងជ្រោយចង្វារក្រោមការសម្របសម្រួលផ្លូវច្បាប់ ដោយព្រះរាជអាជ្ញារង ឡុង ជាប បានធ្វើការត្រួតពិនិត្យផ្ទះជួលជនសង្ស័យ ដែលមានទីតាំងក្នុងបុរីហ្គ្រេន ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុការណ៍ត្រួតពិនិត្យផ្ទះជួលជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់(បាញ់បោះសេរីនៅចំណុចបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ)នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៨ ស្ថិតក្នុងបុរីហ្គ្រេនជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវសមត្ថកិច្ចឲ្យដឹងថាឈ្មោះ ប៊ុន តេង ហៅហ្គោ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅផ្ទះជួលលេខNo.T53A ផ្លូវលេខ៣ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។

ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានដកហូត រួមមានអាវ ពណ៌ស ខោខៅប៊យ និងមួកប៉ារ៉ា១និងរថយន្តមួយគ្រឿង ម៉ាករ៉ងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R 6967 ដែលជាមធ្យោយបានធ្វើសកម្មភាពប្រព្រឹតបទល្មើសសម្ភារៈខាងលើសមត្ថកិច្ចនគរបាលកម្រិតធ្ងន់ ដកហូតទៅរក្សាទុកនៅការយាល័យនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចបន្ទប់ជួលផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ មានករណីខ្មាន់កាំភ្លើង បើករថយន្តមួយគ្រឿងមកឈប់ក្បែររថយន្តតាកូម៉ាមួយគ្រឿងទៀត រួចដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់ទៅលើគូស្នេហ៍មួយគូបណ្តាលឲ្យរងរបួសធ្ងន់។ ឯខ្មាន់កាំភ្លើងបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលភ្លាមៗនោះជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត៕
https://youtu.be/r1z6ulHxK7k

មតិយោបល់