ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិត្យ វិច្ឆិកា៖ ថវិកាបានពីអាលប៊ុមថ្មីនៅ U2 នឹងផ្តល់ជូនជនក្រីក្រ៥០%

ភ្នំពេញ: I’m Comeback ជាអាលប៊ុមថ្មីរបស់ លោក ទិត្យ វិច្ឆិកា ត្រៀមចេញក្នុងផលិតកម្ម U2 ដោយសម្រិតសម្រាំងនូវស្នាដៃពិសេស ជូនដល់អតិថិជន ក្នុងន័យស្វែងរកថវិកា ដើម្បីសម្រេចគោលដៅ ជួយដល់ជនក្រីក្រ ក្នុងតំបន់ដាច់ស្រយាល ។
អាលប៊ុមថ្មីនេះដែរ ត្រូវបាន ទិត្យ វិច្ឆិកា ដាក់គោលដៅចេញលក់ នៅប្រទេសចំនួន ៥ ដែលសុទ្ធសឹងជាប្រទេសអ្នកមាន ដើម្បីរៃអង្គាសប្រាក់ ក្នុងន័យសប្បុរសធម៌ ជួយដល់ជនក្រីក្រ ។

ទិត្យ វិច្ឆិកា ថ្លែងប្រាប់ Post News នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា សម្រាប់អាលប៊ុមថ្មីនេះ មានបទ Original Song រហូតដល់ទៅ ៧បទ ហើយបទ មរតកដើម មាន៣បទ ដោយរក្សាបែបផែន ដដែលមិនកែច្នៃឲ្យខុស ប៉ារ៉ូ ម្ចាស់ដើមឡើយ។ ម្យ៉ាងវិញទៀត សម្រាប់ ៣បទដែលយកមកបញ្ចូលក្នុងអាលប៊ុម I’m Comeback នេះគឺ ជាបទក្នុងទសវត្ស៨០ ដែលច្រៀងដោយលោក ប៉ា សុធី ហើយការលើកយកបទ គាត់ទាំងបី មកនេះ ក្នុងគោលបំណងចង់ ឲ្យ ក្មេងៗជំនាន់ក្រោយស្គាល់ អ្នកចម្រៀងជើងចាស់ផងដែរ ។

លោក ទិត្យ វិច្ឆិកា ថា«សម្រាប់អាលប៊ុមថ្មីរបស់ខ្លួនដែលត្រៀមនឹងចេញនៅដើមខែកក្កដា នេះគ្រោងនឹងចេញលក់នៅ កូរ៉េ អាម៉េរិក អូស្ត្រាលី និងប្រទេសស្វីស ហើយប្រាក់ចំណូលពីអាលប៊ុមនេះនឹងផ្តល់ជូនដល់ជនក្រីក្រ នៅតំបន់ដាច់ស្រយាល ៥០ភាគរយ »។

ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក ទិត្យ វិច្ឆិកា ក៏បានសម្តែងទឹកចិត្ត និងផ្ញើចិត្តនឹកដល់ លោក ប៉ា សុធី ដែលជាចម្រៀងជើងចាស់ ពីចម្ងាយបើទោះបីជាពេលនេះ មិនដឹងថាលោក នៅទីណា គ្រាន់តែដឹងថាលោកនៅរស់នៅឡើយ បើឃើញហើយ សូមឲ្យលោកទាក់ទងមកផង៕

មតិយោបល់