ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ញើម៉ូតូ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវបេតុង ក្រោយខារាអូខេញូវស្តា ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨ យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨។

ជនរងគ្រោះ ឈ្មោះ ប៉ែន គង្គា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់ក្រុម២ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចំណែកជនសង្ស័យ ឈ្មោះ ឈុំ រស្មី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរផ្ទះជនរងគ្រោះ

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកម៉ូតូ ម៉ាកវេវ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1CV-1758 មកផ្ញើ នៅកន្លែងផ្ញើម៉ូតូ ចៃដន្យអីម្ចាស់ម៉ូតូបានឆែកតាម ប្រពន្ធ័GPS ក៏បានរកឃើញទីតាំងម៉ូតូខ្លួន ដែលបានបាត់កន្លងទៅ រួមយកកាតគ្រីម៉ូតូទៅឲ្យអ្នកផ្ញើម៉ូតូ ដោយប្រាប់ថា បើមានអ្នកផ្សេងមកយកម៉ូតូនេះ ជួយតេទូរសព្ទ័ប្រាប់គាត់ផង ព្រោះម៉ូតូខាងលើនេះ គាត់បានបាត់កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុម២ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ខណៈដែលជនសង្ស័យត្រលប់ ទៅយកម៉ូតូពីកន្លែងផ្ញើម៉ូតូនោះ ម្ចាស់កន្លែងផ្ញើម៉ូតូបានហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី៕

មតិយោបល់