ព័ត៌មានជាតិ

ខ្លាំងបាត់! លួចរថយន្តពីកំពង់ធំ ប្តូរស្លាកលេខ បើករត់ធ្លាក់ផ្លូវបុកដើមឈើ នៅត្បូងឃ្មុំ

ត្បូងឃ្មុំៈ រថយន្តម៉ាក សាំយ៉ុង មួយគ្រឿង ចំណុះ១៥ កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-2809 បើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿនហួសកំណត់ ទិសដៅពីជើងទៅត្បូង (ពីទីរួមខេត្តត្បូងឃ្មុំទៅស្រុកតំបែរ)បានរេចង្កូតធ្លាក់ពីលើផ្លូវ ទៅបុកនឹងដើមឈើបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទី នៅចំណុចលើផ្លូវជាតិ៧៣ ស្ថិតក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីឃើញហេតុការណ៍នោះ កម្លាំងប្រជាការពារភូមិក៏បាននាំគ្នាទៅមើលស្រាប់តែឃើញអ្នកបើកបរនោះបានអូសម៉ូតូ១គ្រឿង ម៉ាក ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ចេញពីរថយន្តរួចជិះគេចខ្លួនបាត់ទៅទិសខាងត្បូង ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។ ដោយមានការសង្ស័យ កម្លាំងប្រជាការពារម្នាក់បានទាក់ទងតាមរយៈទូរសព្ទទៅលោកអធិការនគរបាលស្រុកតំបែរ ដើម្បីឲ្យកម្លាំងនគរបាលស្រុកតំបែរចុះអន្តរាគមន៍ និងពិនិត្យស្រាវជ្រាវនៅចំណុចកើតហេតុនោះ។

ខណៈដែលទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញ នៃអធិការនគរបាលស្រុកតំបែរ បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យរកឃើញថារថយន្ត សាំយ៉ុង នោះស្លាកលេខក្លែងក្លាយ ចំពោះរថយន្តនោះមានស្លាកលេខពិតប្រាកដ គឺភ្នំពេញ 2R-4467 ដែលដោះលាក់ក្នុងរថយន្ត ។

ករណីនេះលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកម្លាំងនគរបាលនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ចុះសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកតំបែរ ធ្វើការស្រាវជ្រាវបានដឹងថារថយន្តនោះ គឺក្រុមចោរលួចយកមកពីខេត្តកំពង់ធំ ។

បច្ចុប្បន្នរថយន្ត សាំយ៉ុងស្លាកលេខក្លែងក្លាយ ត្រូវបានបញ្ជូនមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវតាមរកជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា ស្លាកលេខភ្នំពេញ 2J-2809 ដែលពាក់លើរថយន្ត សាំយ៉ុងនោះ គឺជាស្លាកលេខរបស់រថយន្តម៉ាក តូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស ដែលចោរបានលួចបាត់ពីខេត្តត្បូងឃ្មុំ ក្នុងរយៈពេលប្រមាណ ២សប្តាហ៍មុន៕

មតិយោបល់