ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah របស់ក្រុមហង្សក្រហម Liverpool និងខ្សែប្រយុទ្ធអង់គ្លេស Harry Kane របស់ក្រុម មាន់ខ្នាយមាស Tottenham Hotspur បានក្លាយជាគូប្រកួតប្រកបដោយឥទ្ធិពល ក្រោយពីកីឡាករទាំង២រូបនេះ ស៊ុតបញ្ចូលទីស្មើគ្នា និងកំពុងឈរកំពូលតារាង Top Scorer នៅ Premier League ដូចគ្នា។
បន្ទាប់ពី Mohamed Salah អាចស៊ុតបញ្ចូលទីលើក្រុម Newcastle United បាន១គ្រាប់យប់មិញនេះ បានធ្វើឲ្យខ្សែប្រយុទ្ធអេហ្ស៊ីប ដែលទិញពីក្រុម Roma មកកាន់ Liverpool កាលពីរដូវក្តៅកន្លងមកនេះ បានតាមទាន់គ្រាប់បាល់របស់ម្ចាស់ស្បែកជើងមាស Premier League ២រដូវកាលកីឡាករ Harry Kane ។ ជាក់ស្តែងណាស់ Salah និង Kane ស៊ុតបានម្នាក់ ២៤គ្រាប់ហើយ ដែលតាមពីក្រោយដោយ Sergio Aguero ស៊ុតបាន ២១គ្រាប់ ខណៈ Raheem Sterling ស៊ុតបាន ១៥គ្រាប់ និង Jamie Vardy ស៊ុតបាន១៣គ្រាប់។
ការតាមទាន់នេះដែរ បានធ្វើឲ្យសមរភូមិវាលស្មៅរវាងកីឡាករទាំង២ កាន់តែតានតឹងជាងមុនឡើយ ដោយកីឡាករទាំង២រូបនេះ ត្រូវប្រជែងយ៉ាងខ្លាំងក្នុងការដណ្តើមយកស្បែកជើងមាសនៅ Premier League រដូវកាលនេះ ខណៈ Mohamed Salah ចង់ឈ្នះលើកដំបូង ចំណែក Harry Kane វិញ ចង់ឈ្នះស្បែកជើងមាស ៣រដូវកាលជាប់ៗគ្នា។
ដូច្នេះហើយ រង់ចាំមើលថា រវាង Mohamed Salah និង Harry Kane តើកីឡាកររូបណា ហ្នឹងក្លាយជាម្ចាស់ស្បែកជើងមាស Premier League រដូវកាល ២០១៧-២០១៨ នេះ?
មតិយោបល់