ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបុក ដួលបោកក្បាលរបួសធ្ងន់!

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀត បុកដួលម៉ូតូបោកក្បាលផ្ទាប់និងថ្នល់ រងរបួសក្បាលធ្ងន់ធ្ងរម៉ូតូបង្កគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចមុខការ៉ាស់សាំងសូគីមិច ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម៉ូតូរងគ្រោះម៉ាក គប់ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ជិះដោយបុរសវ័យចំណាស់ម្នាក់ឈ្មោះ ស្រ៊ុន ឡាច អាយុ៥០ឆ្នាំ មុខ របររកត្រី ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿងខាងលើ ចេញពីផ្លូវមួយនៅក្បែរកន្លែងកើតហេតុ រួចជិះសសៀឆ្លងផ្លូវជាតិលេខ៦អា ពីលិចទៅកើត បំណងទៅទិសខាងជើង តែឆ្លងផ្លូវបានបន្តិច ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក បើកតាមបណ្តោយផ្លូវជាតិលេខ៦អា ពីជើងទៅត្បូង ខណ:មកដល់កន្លែងកើតហេតុ ក៏ជ្រុលបុកជាមួយម៉ូតូរងគ្រោះខាងលើពីខាងឆ្វេងបណ្តាលឲ្យដួលម៉ូតូបោកក្បាលផ្ទាប់និងថ្នល់របួសក្បាលធ្ងន់ធ្ងរ ចំណែកម៉ូតូដែលបុកនោះបន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានវាស់វែងរួចយកមកដាក់ខាងផ្លូវរង់ចាំសាច់ញាតិមកយកត្រឡប់ទៅផ្ទះវិញ៕
//youtu.be/JwIvMpKcgno

មតិយោបល់