ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើងរវាងក្មួយប្រុសនិងពូបង្កើតចាក់ប្រហារគ្នាដោយក្មួយបានយកដែកឆាបចាក់ពូចំក្រោយខ្នង បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ កាលពីព្រឹកថ្ងៃ ចន្ទ ៤ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះ សុខ ឡាយ ៣៤ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យមានឈ្មោះ សុំ សម្បត្តិ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មានបុរស២នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកសង់ កូរ៉េ ពណ៌ក្រហម មានស្លាកលេខ ភព1 ប7212 កំពុងតែជិះម៉ូតូ ស្រាប់តែលឺមានការឈ្លោះប្រកែកគ្នាមិនដឹងថាជារឿងអ្វីស្រាប់តែក្មួយបានដកដែកឆាបមកចាក់ពូដែលកំពុងតែបើកម៉ូតូបណ្តាលឲ្យដួលនៅកន្លែងកើតហេតុ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយកទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌចំកាមន។
ចំណែកជនរងគ្រោះភ្លាមៗនោះត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់សួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់