សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា មិនមានការបិទទីតាំងផ្សេងៗទៀតឡើយ ក្នុងករណីរកឃើញ មានអ្នកវិជ្ជមានកូវីដ- ១៩ គឺដោយគ្រាន់តែយកអ្នកដែលមានវិជ្ជមានកូវីដ-១៩ ទៅសម្រាកព្យាបាលតែប៉ុណ្ណោះ ។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី ២២ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស ន៍ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក៏ដោយ ហើយក្នុងករណីមានការឆ្លង ត្រូវយកអ្នកជំងឺដែលឆ្លងទៅព្យាបាលនៅមន្ទីរពេទ្យ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន សុទ្ធសឹងតែទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ហើយ ។ « ចាប់ពីពេលនេះទៅដំណើរការរបស់យើងឧទាហរណ៍ថា រោងចក្រមួយមានអ្នកឆ្លងពីរបីនាក់ ចឹងយកតែពីរបីនាក់នោះ យកទៅសម្រាកព្យាបាលនៅពេទ្យបានហើយ មិនមានការបិទរោងចក្រទាំងមូលទេ ពីមុនជំងឺឆ្លងតាមរោងចក្រយើងបិទរោងចក្រ ផ្សារមានអ្នកលក់ដូរឆ្លងក្នុងផ្សារយើងបិទផ្សារទាំង មូល តែឥឡូវនេះយើងមិនធ្វើអ៊ីចឹងទៀតទេ យើងយកតែអ្នកដែលមានវិជ្ជមានទៅសម្រាកពេទ្យ រួចហើយបាញ់ សម្លាប់មេរោគ ហើយនាំគ្នាលក់បន្តទៀតទៅ សាលារៀនក៏ដូចគ្នាកូនសិស្សណាឆ្លងយើងយកទៅព្យាបាលទៅអ្នកណាដែលបានឆ្លងយើងនៅតែបន្តព្រោះវ៉ាក់សាំងគ្រប់គ្រាន់ » ។
សម្ដេចតេជោហ៊ុនសែន ក៏ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបន្តការចូលរួមជាមួយរាជរដ្ឋា ភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ តាមរយៈពេលចេញទៅណាមកណាត្រូវអនុវត្ត៣ការពារ គឺ៖ (១) ពាក់ម៉ាស់ (២) លាងដៃជា ប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព និង៣កុំ គឺ៖ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះ ពាល់ស្និទ្ធស្នាលគ្នា សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មី ឬប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាជាយថាហេតុណាមួយ ។
សូមបញ្ជាក់ថា ក្រសួងសុខា ភិបាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៤៨នាក់, អ្នកជំងឺចំនួន៣២៧នាក់ជាសះ ស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១១នាក់ (ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង)។ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩៖ សរុបចំនួន១១៧,៥០០នាក់, អ្នកជាសះស្បើយសរុបចំនួន១១២,៣៨៣នាក់, ស្លាប់សរុបចំនួន២,៧១៤ នាក់ ៕
មតិយោបល់