ព័ត៌មានជាតិ

តុលាការបន្តសាកសួរខ្មាន់កាំភ្លើងដែលបើករថយន្តតាមបាញ់ជនរងគ្រោះប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ

ភ្នំពេញៈ ក្រោយពីមិនបានសាកសួរ កាលពីរសៀលម្សិលមិញនោះ នៅព្រឹកថ្ងៃអង្គារ៍ ទី៦ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបន្តនាំខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងដែលបើករថយន្តតាមបាញ់ជនរងគ្រោះប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ុន តេង ហៅហ្គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (សក្តិ១) និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ គ្រាដែលរូបគេចូលខ្លួនសារភាពនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

សមត្ថកិច្ចបន្ថែមថា ករណីនេះស្ថិតក្នុងចំណាត់ការលោក ស៉ឺ ឡងឌី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅចំណុច បណ្តោយផ្លូវ១៩៧៤ ស្ថិតក្នុុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យខាងលើ បានជិះរថយន្តម៉ាក RANGE ROVER ពណ៌ស ដេញតាមបាញ់ប្រហារប៉ុនប៉ង សម្លាប់ជនរងគ្រោះឈ្មោះ សឹង វិន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ អាជីវករ មានផ្ទះនៅកន្លែងកើតហតុខាងលើ និងបុរសជាសង្សារ ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ខណៈជនរងគ្រោះ កំពុងជិះក្នុងរថយន្ត ម៉ាក Tacoma ស្លាកលេខ ភ្នំពេញ 2Q-5081 ឈប់បម្រុងចុះនៅមុខផ្ទះ។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុជនសង្ស័យបាន បាញ់ ចំនួន ៥គ្រាប់បណ្តាលឲ្យ ត្រូវនារីជនរងគ្រោះ ត្រង់ស្មារខាងស្តាំ ចំនួន ២គ្រាប់ និងកំភួនដៃខាងឆ្វេង ចំនួន ១គ្រាប់។ ចំណែកបុរសរងគ្រោះជាសង្សារ ត្រូវ ចំនួន ១គ្រាប់ ចំកំភួនដៃខាងស្តាំ។

ក្រោយកើតហេតុជនសង្ស័យ បាន បើករថយន្ត គេចខ្លួនដោយសុវត្ថិភាព ដោយឡែក ជនរងគ្រោះទាំង ២នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

https://youtu.be/x1anu2L7-VE

មតិយោបល់