បាត់ដំបងៈ ថ្ងៃច័ន្ទ ៤កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ តាមបទបញ្ជាដ៏ក្តៅគគុករបស់លោកឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំរបស់ឧត្តមសេនីយ៍ទោ សាន ហាក់ ស្នងការស្តីទី ព្រមទាំងស្ថិតក្រោមបញ្ជាដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដោយបានការអនុញ្ញាតិពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ មន្រ្តីនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានដែលមានលោក វរសេនីយ៍ទោ អូន ហ្វៃ បានសហការបង្រ្កាបក្រុមជនល្មើសដែលបានធ្វើសកម្មភាព ដេញកាប់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ខេត្ត បាត់ដំបង។
កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ ជនសង័្សយចំនួន៣នាក់ ដែលជាអ្នកធ្វើសកម្មភាពផ្ទាល់និងអ្នកសមគំនិត លាក់ទុកវត្ថុតាងត្រូវបានឃាត់ខ្លួន និងដកហូតវត្ថុតាងមានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ត្រូវជនល្មើសយកទៅដោះបំបែកដោយអន្លើ និងវត្ថុតាងដែលជាមធ្យោបាយប្រើប្រាស់ធ្វើសកម្មភាពល្មើសផងដែរ។
គួររំលឹកថា នៅវយប់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោងប្រមាណ៩និង៣០នាទី ក្រុមជនសង័្សយមួយក្រុមបានប្រើប្រាស់ម៉ូតូមួយគ្រឿង និងដាវសាំម៉ូរ៉ៃ១ដើម ធ្វើសកម្មភាពដេញកាប់ជនរងគ្រោះឈ្មោះ យន់ យ៉េន ភេទប្រុស អាយុ២០ឆ្នាំ តែកាប់មិនត្រូវ ជនរងគ្រោះក៏រត់គេចចោលម៉ូតូ នៅក្នុងភូមិសាស្រ្តសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ពេលជនរងគ្រោះរត់ចោលម៉ូតូ ក្រុមជនសង័្សយបានលើកម៉ូតូរបស់ជនរងគ្រោះជិះយកទៅបាត់ ហើយពេលបន្ទាប់ជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ចនគរ បាលដើម្បីជួយអន្តរាគមន៍។
ឆ្លងតាមវិធានការ ស្រាវជ្រាវ និងដោយបានការអនុញ្ញតិ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផង នគរបាលបានកំណត់មុខសញ្ញានិងឈានទៅធ្វើការឃាត់ខ្លួនមនុស្សចំនួន៣នាក់ និងដកហូតបានវត្ថុតាងមានម៉ូតូដែលជិះធ្វើសកម្មភាព ម៉ូតូរបស់ជនរងគ្រោះ និងដាវសាំម៉ូរ៉ៃ ជាមធ្យោបាយប្រព្រឹត្តិល្មើសផងដែរ។
ជនសង្ស័យទាំង៣នាក់គឺ ទី១ឈ្មោះ រិទ្ឋ ផាត់សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ជាជនដៃដល់
២-ឈ្មោះ សាន រ៉ូសាត ភេទប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅមិនពិតប្រាដក ជាបក្សពួក ដែលបើកម៉ូតូ ធ្វើសកម្មភាព
៣-ឈ្មោះ ហង្ស ភារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ជាអ្នកជួយលាក់វត្ថុតាង ( ដាវសាំម៉ូរ៉ៃ) ក្រោយធ្វើសកម្មភាព។
ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ទូទៅ ក្នុងខេត្តបាត់ដំបងសូមមេត្តាចូលរួម និងផ្តល់ព័ត៌មានឲ្យបានរួសរាន់ ទាន់ពេលវេលា នៅពេលជួបប្រទះនូវឧប្បត្តិហេតុណា មួយក្នុងមូលដ្ឋានទៅដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ដើម្បីនគរបាលចាត់វិធានការ ស្រាវជ្រាវ ឬបង្រា្កបបានទាន់ពេលវេលា។
ជនសង្ស័យនិងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់