ក្រុមហ៊ុន Samsung បាននិងកំពុងបោះជំហានទៅមុខថែមមួយកម្រិតទៀតតាមរយៈការបង្កើនសមត្ថភាពជំនួយការសំឡេងឌីជីថល Bixby របស់ខ្លួន ទៅកាន់ជំនាន់ទី២។
យោងតាមរបាយការណ៍ព័ត៌មានពី The Investor ក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េខាងត្បូង បានទិញយកក្រុមហ៊ុនថ្មីថ្មោងមួយឈ្មោះ Kngine ដែលមានមូលដ្ឋាននៅក្នុងប្រទេសអេហ្ស៊ីប។
ក្រុមហ៊ុននេះ បានបញ្ចេញនូវគំនិតអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលចេះរៀន និងបង្កើនចំណេះដឹងរបស់វាដោយខ្លួនឯងដូចជាមនុស្សអីចឹង ដោយ Kngine កំពុងបង្រៀនវាឱ្យចេះឆ្លើយតបទៅនឹងសំណួរផ្សេងៗក្រោយពីវាបានអានសៀវភៅ ឯកសារ សេចក្តីណែនាំ និងធ្វើការស្រាវជ្រាវលើរឿងរ៉ាវផ្សេងៗ ជាដើម។ល។
ប្រព័ន្ធកម្មវិធី AI នោះ គឺវាធ្វើការដោយវាយតម្លៃទៅលើសំណួរ រួចបែកចែកវាឱ្យទៅជាអនុសំណួរ ហើយបង្កើតចេញជាគ្រោងការនៃចម្លើយមួយ និងជាចុងក្រោយ ផ្តល់នូវចម្លើយដែលមានកម្រិតភាពត្រឹមបង្ហាញមកតាមលំដាប់ពីខ្ពស់បំផុត ទៅទាបបំផុត។
គួរបញ្ជាក់ថា Samsung បានបោះទុនមួយផ្នែកក្នុងក្រុមហ៊ុន Kngine តាំងពីឆ្នាំ ២០១៤ មកម្លេះ ហើយ Samsung Research America គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Samsung ដែលបានទិញយកភាគហ៊ុននៃក្រុមហ៊ុនមួយនេះ ១០០% កាលពីឆ្នាំមុន ប៉ុន្តែ ទើបតែត្រូវបានទម្លាយឱ្យដឹងនៅពេលនេះ។
គួររំឭកថា នេះមិនមែនជាលើកទីមួយនោះទេដែល Samsung បានទិញក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ឬប្រព័ន្ធកម្មវិធី AI នោះ។ ថ្មីៗនេះ ខ្លួនបានទិញយកក្រុមហ៊ុន Fluenty ដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យាដែលផ្តល់នូវដំណោះស្រាយទំនាក់ទំនងដោយផ្អែកលើបញ្ញាសិប្បនិម្មិត AI ព្រមទាំងវិនិយោគលើការពិសោធ Reactor Lab និងអាជីវកម្មអភិវឌ្ឍបច្ចេកវិទ្យា AI។
បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានជួលលោក Larry Heck ជាអ្នកដែលទទួលខុសត្រូវលើការអភិវឌ្ឍ Google Play និង Cortana មកធ្វើការឱ្យខ្លួនផងដែរ។
តាមរយៈដំណឹងថ្មីនេះ គេសង្ឃឹមថាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ នឹងពាំនាំ Bixby v2.0 ដែលមានប្រាជ្ញាស្រដៀងមនុស្ស ទៅបំពាក់លើស្មាតហ្វូន Galaxy Note 9 ជាមិនខាន៕
មតិយោបល់