ព័ត៌មានជាតិ

នគរបាលបំបែកសំណុំរឿងប្រពន្ធ និងកូនបង្កើត សម្លាប់ឪពុក រួចប្រឌិតរឿងកុហកសមត្ថកិច្ច និងអាជ្ញាធរ

បន្ទាយមានជ័យ: ឈាមស្រែកស្បែកហៅ សំណុំរឿងឃាតកម្មមួយ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលត្រូវបាន ជនសង្ស័យលាក់បាំង និងប្រឌិតរឿងកុហកសមត្ថកិច្ច និងអាជ្ញាធរជាង១ឆ្នាំ ឥឡូវនេះ ត្រូវសមត្ថកិច្ចបំបែកបានហើយ តាមពិតគឺ ជារឿងប្រពន្ធ និងកូនបង្កើត សម្លាប់ឪពុកខ្លួនឯងសោះ។

លោក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយដាក់ការសង្ស័យជាច្រើនចំណុច លើករណីប្រទះឃើញសពបុរសម្នាក់ស្លាប់ នៅកណ្តាលវាលស្រែ ស្ថិតក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ កាលពីដើមឆ្នាំ២០១៧ ទើបលោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាកម្លាំងឲ្យបើកការស៊ើបអង្កេតរកការពិត ចំពោះករណីនេះ ។ រហូតដល់ពេលនេះ ទើបសមត្ថកិច្ចអាចបំបែកសំណុំរឿងនេះបាន ដោយបានឃាត់ខ្លួន ជនសង្ស័យ២នាក់ ទី១.ឈ្មោះ អាន តឹក ភេទស្រី អាយុ៥៧ឆ្នាំ (ប្រពន្ធ) និងទី២.កូនប្រុសឈ្មោះ សូ វុធ អាយុ២៩ឆ្នាំ (កូនប្រុសជនរងគ្រោះ) យកមកសាកសួរ។

លោកថា ក្រោយសាកសួរយ៉ាងយកចិត្តទុកដាក់ ទើបជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ និប អឺត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បន្ទាប់ពីមកពីចូលរួមពិធីឡើងគេហដ្ឋានថ្មី របស់អ្នកភូមិ បានឈ្លោះប្រកែកគ្នា ជាមួយពួកគាត់ (ប្រពន្ធ និងកូន) ក៏ត្រូវកូនប្រុសច្រានធ្លាក់ពីលើផ្ទះ បណ្តាលឲ្យបាក់.ក និង មុតកាំបិតចុងស្រួចចំពោះ ស្លាប់តែម្តង។ បន្ទាប់ប្រពន្ធ និងកូន ក៏ នាំយកសាកសពជនរងគ្រោះ ទៅបោះចោលនៅវាលស្រែ ចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រពីភូមិ ដែលពួកគេរស់នៅ ហើយប្រឌិតរឿងកុហកគេឯងថា ជនរងគ្រោះទៅធ្វើការនៅភ្នំពេញ។

ជនសង្ស័យបច្ចុប្បន្ន កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់