(បាត់ដំបង): ស្ត្រីវ័យក្មេងម្នាក់ ត្រូវភ្លើងឆេះស្លាប់សល់តែគ្រឿងក្នុងនៅគ្រាដែលអគ្គិភ័យឆាបឆេះផ្ទះរបស់គាត់ខណៈគាត់កំពុងដេកលក់។ ហេតុការណ៍អគ្គិភ័យឆេះផ្ទះបណ្តាលឱ្យស្លាប់មនុស្សម្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០២:៣០នាទីរំលងអាធ្រាតឈនចូលថ្ងៃទី12មេសាឆ្នាំ2016 ស្ថិតក្នុងក្រុម០៣ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
មន្ត្រីនគរបាលដែលចុះទៅកន្លែងកើតហេតុបានបញ្ជាក់ថា ផ្ទះដែលភ្លើងឆេះបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់នេះ មានទំហំ ៣ម៉ែត្រ គុណ ០៤ម៉ែត្រ ធើ្វពីឈើ ដំបូលស័ង្កសី ។
នគរបាលបញ្ជាក់ថា ស្ត្រីដែលត្រូវភ្លើងឆេះស្លាប់ក្នុងផ្ទះនោះមាន ឈ្មោះ លឿង ចន្ថា អាយុ២៤ឆ្នាំ ដោយស្នាក់នៅផ្ទះម្នាក់ឯង ប្តីឈ្មោះ សុង និង អាយុ២៧ឆ្នាំ បើករថយន្តដឹកដី នៅខេត្តពោធិ៍សាត់ មានកូនប្រុសម្នាក់ អាយុ០២ឆ្នាំ នៅជាមួយយាយ និងតា ។
នគរបាលបានបញ្ជាក់ថាមូលហេតុដែលឱ្យមានអគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ហើយជនរងគ្រោះ មកពីលក់ដូរនៅល្អាងភ្នំប្រាំពីរ ទំនងអស់កំលាំងហើយងងុយដេក ទើបបណ្តាលឲ្យឆេះស្លាប់ នៅក្នុងផ្ទះតែម្តង ។
នគរបាលបញ្ជាក់ថាទ្រព្យក្នុងផ្ទះមានម៉ូតូ រទេះ កង់ ត្រូវឆេះអស់ទាំងស្រុង៕
ព័ត៌មានជាតិ
មតិយោបល់