ឧត្តរមានជ័យៈ ប្រជាពលរដ្ឋសំណូមពរដល់អាជា្ញធរ ឃុំត្រពាំងប្រាសាទ និងលោកអភិបាលស្រុក ត្រពាំងប្រាសាទ ក៏ដូចជាម្ចាស់សត្វគោ នៅក្នុងទីរួមស្រុក ពីបញ្ហាសត្វគោទាំងយប់ ទាំងថ្ងៃ បានបង្កការរំខានដល់ប្រជាពលរដ្ឋនៅក្នុងផ្សារ ត្រពាំងប្រាសាទ។
ប្រជាពលរដ្ឋ និយាយថា សត្វគោជាច្រើនម្ចាស់ដែលគេប្រលែង ទាំងយប់ ទាំងថ្ងៃ ដោយពុំឃើញមានអាជា្ញធរ ឬសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ ឬមានវិធានការចំពោះសត្វគោនោះឡើយ។
ពលរដ្ឋ បន្តថា មិនថាតែនៅក្នុងផ្សារប៉ុណ្ណោះទេ ដែលការរំខានពីសត្វគោ គឺទូរទាំងទីរួមស្រុកត្រពាំងប្រាសាទ និងបេនឡានក្រុងក៏សត្វគោ បានវាយលុកយកទីតាំង បានទាំងយប់ទាំងថ្ងៃ ដែលបានបង្កការរំខាននៅតាមតូបលក់ដូររបស់ប្រជាពលរដ្ឋ វាបានដើរពាលវាលពាសកាលនិងបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទៀតផង។
ប្រជាពលរដ្ឋ បានប្រាប់ថា ម្ចាស់គោឈ្មោះ ធឿន ដែលមានផ្ទះ នៅខាងកើតរង្វង់មូលស្រុកត្រពាំងប្រាសាទ ដោយគ្រាន់តែមួយម្ចាស់ឈ្មោះខាងលើ មានគោចំនួន៧០ក្បាលឯណោះ ហើយមិនត្រឹមតែមួយម្ចាស់ប៉ុណ្ណោះទេ សត្វគោ នៅក្នុងស្រុកត្រពាំងប្រាសាទ មានច្រើនម្ចាស់ផងដែរ។ ដោយក្នុងនោះ ក៏មានសត្វគោរបស់មេភូមិត្រពាំងប្រាសាទឈ្មោះ ធី ក៏បានប្រលែង ជាអនាធិបតេយ្យដែរ។
កន្លងមកប្រជាពលរដ្ឋ បានរាយការណ៍ឲ្យអាជា្ញធរ ហើយអាជា្ញធរស្រុកបានហៅម្ចាស់គោទៅធ្វើការអប់រំ និងរៀបចំឲ្យបានត្រឹមត្រូវ នៅពេលយប់ត្រូវដេញគោដាក់ក្រោល ហើយនៅពេលថ្ងៃត្រូវមានអ្នកឃ្វាលគោឲ្យចូលទៅក្នុងផ្សារ ក៏ប៉ុន្តែ បានតែមួយរយៈប៉ុណ្ណោះ ដែលនៅមានសត្វគោជាច្រើនជាងមុនទៅ រំខានប្រជាពលរដ្ឋទាំងយប់ទាំថ្ងៃដដែលនៅក្នុងផ្សារស្រុកត្រពាំងប្រាសាទ នៅតាមបេនឡានក្រុង និងនៅរង្វង់ មូលស្រុកត្រពាំងប្រាសាទ ទាំងយប់ទាំងថ្ងៃដដែល៕
មតិយោបល់