ភ្នំពេញៈ អភិបាលខណ្ឌទួលគោកលោក ឯក ឃុនដឿន បានធ្វើការប្រកាសជាផ្លូវការ គឺមិនឲ្យមានការយកលុយពីប្រជាពលរដ្ឋក្នុងការស្ថាបនាផ្លូវ លូ និងភ្លើងបំភ្លឺសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌនោះទេ។ ការប្រកាសបែបនេះរបស់លោកអភិបាលខណ្ឌត្រូវបានធ្វើឡើងក្នុងកាលពីព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ដោយបានអញ្ជើញជាអធិបតីភាពលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក លី ណារុណ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
លោកបន្តថា ការយកលុយថ្លៃភ្លើងបំភ្លឺសាធារណៈពីប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរនេះហើយ បានធ្វើឲ្យមានទំនាស់គ្នារហូតឈានដល់ការបាញ់សម្លាប់គ្នាថែមទៀតនៅក្នុងខណ្ឌចំការមន។ ដូច្នេះហើយចាប់ពីពេលនេះតទៅ គឺសាលាខណ្ឌមិនឲ្យយកលុយពីការធ្វើផ្លូវ លូ និងភ្លើងបំភ្លឺផ្លូវពីប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែលោកក៏បានបញ្ជាក់ថា បើប្រជាពលរដ្ឋេពួកគាត់មានជីវភាពធូធា ហើយចង់ចូលរួមក្នុងការអភិវឌ្ឍន៍មូលដ្ឋាន គឺពួកគាត់អាចចូលរួមចំណែកបាន ក្រោមការអនុម័តពីក្រុមប្រឹក្សាសង្កាត់ជាមុនសិន។
គួរបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗថវិកាគម្រោងមូលនិធិខណ្ឌនីមួយៗត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនចំនួន៥០០០លានរៀល ដើម្បីយកថវិកាទាំងនោះមកធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។ ដូច្នេះហើយមិនចាំបាច់ឲ្យមានការចូលរួមបដិភាគពីប្រជាពលរដ្ឋនោះទេ។
ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌខាងលើនេះ មានប្រជាពលរដ្ឋលើកឡើងជាសំណួរ សំណូមពរ ផ្ទាល់មាត់ និងជាលាយលក្ខអក្សរចំនួន៥០សំណួរ សំណូមពរ ដែលសំណួរ និងសំណូមពរទាំងនោះ បានផ្តោតទៅលើបញ្ហា៤ ចំណុច ក្នុងរួមមាន ការស្ថាបនា ការស្តាលូ ការស្ថាបនាជួសជុលផ្លូវ បញ្ហាប្រមូលសម្រាមមិនទាន់បានល្អប្រសើរ និងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍។
លោកអភិបាលខណ្ឌបន្តថា ចំពោះរាល់សំណួរ សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទួលគោកនឹងជួយដោះស្រាយជូនពួកគាត់ភ្លាមៗ ពោលគឺបើថ្នាក់សង្កាត់ធ្វើបាន គឺឲ្យសង្កាត់ចុះធ្វើភ្លាម ហើយរឿងនោះខាងអាជ្ញាធរខណ្ឌអាចដោះស្រាយបានយើងនឹងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។ ប៉ុន្តែបើហួសពីសមត្ថភាពរបស់សង្កាត់និងខណ្ឌ ក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋានមិននៅស្ងៀមទេ គឺត្រូវធ្វើសំណើសុំទៅថ្នាក់រាជធានីនិងថ្នាក់លើបន្តទៀត៕
មតិយោបល់