ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស នគរបាលម្នាក់ដាក់គុក១០ឆ្នាំ រឿងបាញ់ពលរដ្ឋឲ្យរបួស ពេលទៅទារលុយពីហាងហ្គេមបាញ់ត្រីមិនបាន

ភ្នំពេញៈ លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ នគរបាល ទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ១០ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលារំលងអធ្រាត្រទៀបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចហាងហ្គេមបាញ់ត្រី តាមផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទបានថ្លែងទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។

គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះ ប៊ូ យូហេង បានដកកាំភ្លើងខ្លីបាញ់លើអ្នកមើលការខុសត្រូវហាងហ្គេមបាញ់ត្រី នៅចំណុចផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រោះតែសុំលុយ ៥០០០រៀល មិនឲ្យ។

ជាអកុសលគ្រាប់កាំភ្លើងនោះបានប្លាតទៅចំស្ត្រីជនរងគ្រោះឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ ២៥ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរ ស៊ីឈ្នួលបោកខោអាវ ឲ្យរងរបួសធ្ងន់ទៅវិញ។

ក្រោយពេលបាញ់ជនរងគ្រោះរួចជនជាប់ចោទបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយត្រូវបានកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈដែលរូបគេកំពុងជិះម៉ូតូតាមផ្លូវ។

ក្រោយពីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឃុំខ្លួនជនជាប់ចោទ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស៕
https://youtu.be/l8L74E1cZmU

មតិយោបល់