ភ្នំពេញៈ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្រោមដើមជ្រៃ ហើយត្រូវបានបុរសអ្នកដើរបាញ់សត្វពេលរាត្រី ប្រទះឃើញផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅវាលស្រែលើដើមជ្រៃខាងក្រោយនិងសាលាសង្កាត់ជើងឯក ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ កែម ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាកម្មករស៊ិនទ្រី ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រពន្ធឈ្មោះ ប៉ក់ សិលា អាយុ២៤ឆ្នាំ និងមានកូនស្រីម្នាក់ អាយុ៦ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរស២នាក់បងប្អូនបានដើរបាញ់សត្វពេលយប់ តាមវាលស្រែ ស្រាប់តែដើរមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញសពជនរងគ្រោះខាងលើ បានចងកសម្លាប់ខ្លួននៅលើដើមធញ្ជ័រ ស្លាប់មិនដឹងតាំងពីពេលណា ទើបប្រញាប់នាំគ្នារត់មកប្រាប់សមត្ថកិច្ចតែម្តង។
បើតាមសម្តីម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់ធ្លាប់ចាញ់បោកគេដើរផ្លូវខុស អស់ម៉ូតូមួយគ្រឿង ដែលគាត់ជាម្តាយខំខ្ចីបុលធនាគារយកលុយមកទិញម៉ូតូឲ្យកូនជិះ តែគាត់មិនបានខឹងកូននោះទេ ឲ្យតែកូនដឹងខ្លួនខុស ចេះកែខ្លួនឡើងវិញ។ រហូតដល់ម៉ោង៨ព្រឹក ទើបសមត្ថកិច្ចទាក់ទងមកតាមរយៈលេខទូរសព្ទ ដែលមាននៅក្នុងទូរសព្ទកូនរបស់គាត់ តេមកប្រាប់ថា កូនរបស់គាត់ចង.កស្លាប់បាត់ទៅហើយ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសាមុយ យកមកតម្កល់ទុកនៅក្នុងវត្តសំបួរមាស ទើបគាត់ប្រញាប់មកកូន។
បើតាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា គាត់បានរៀបការជាមួយគ្នាជាង ៦ទៅ៧ឆ្នាំហើយ ដោយមានកូនស្រីអាយុ៦ឆ្នាំជាចំណងដៃ។ ក្រោយមកពួកគាត់ក៏រស់នៅមិនសូវជាចុះសម្រុងគ្នា ដោយសារតែប្តីរបស់គាត់ បានដើរផ្លូវខុស សេពគប់មនុស្សមិនល្អចាញ់បោកគេ អស់ម៉ូតូ១គ្រឿងដែលម្តាយក្មេកខ្លួនបានទិញឲ្យ ហើយក៏មិនហ៊ានចូលផ្ទះមកជួបប្រពន្ធកូននោះទេ បានទៅរស់នៅជាមួយពុកម៉ែ ជាង២ខែមកហើយ និងបានព្យាយាម តេនិងផ្ញើសារ ទៅសូមទោស និងសុំប្រពន្ធត្រូវគ្នាវិញ តែប្រពន្ធមិនព្រមនោះទេ៕
មតិយោបល់