ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តស៊ិនទ្រី បើកលឿនដល់ភ្លើងស្តុបផ្លូវ២១៧ ចាប់ហ្វ្រាំងមិនស៊ី បួងចង្កូតគេចរថយន្តឡិចស៊ីស ក៏ជ្រុលទៅបុករ៉ឺម៉កលក់បបរ បន្តបុកឡើងលើខឿនសួនច្បារចែកទ្រូងផ្លូវ និងស្លាកសញ្ញាចរាចរណ៍២ដើម សំណាងល្អគ្មាននរណាម្នាក់រងរបួសឡើយ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវលេខ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ រថយន្តប្រមូលសំរាមខាងលើ ដែលមានលេខសម្គាល់៨៨ ដឹកសំរាមតាមខណ្ឌក្នុងក្រុង ដាក់ពេញក្នុងរថយន្ត ក្នុងបំណងយកមកចាក់នៅទីលានចាក់សំរាម ក្នុងសង្កាត់ដង្កោ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូង លុះដល់ចំណុចកើតហេតុក្បែរភ្លើងស្តុប ស្រាប់តែឃើញរថយន្តឡិចស៊ីសមួយគ្រឿងកំពុងឈប់ស្តុបនៅខាងមុខរថយន្តរបស់ខ្លួន ទើបប្រញាប់ជាន់ហ្វ្រាំងរថយន្តឈប់ តែហ្វ្រាំងមិនស៊ីសោះ ជាន់៣ដងហើយនៅតែមិនស៊ី ទើបសម្រេចចិត្តបួងចង្កូតរថយន្ត បើកឡើងលើខឿនសួនច្បារចែកទ្រូងផ្លូវ តែរថយន្តនៅតែមិនអស់ល្បឿនបានជ្រុលទៅបុកជាមួយរ៉ឺម៉កលក់បបរ ហើយបន្តទៅបុកជាមួយបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យបាក់អស់២ដើម កល់ជាប់រថយន្តនៅលើសួនច្បារចែកទ្រូងផ្លូវទៅមុខលែងរួចតែម្តង៕
មតិយោបល់