ភ្នំពេញៈ រថយន្តម៉ាស្តា មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ បុកជាមួយនឹងម៉ូតូធំ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ក្នុងនោះមានបុរសជនបរទេសម្នាក់ រងរបួសធ្ងន់និងស្រាល ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១៣ កែងផ្លូវលេខ១៣៦ ក្បែរនិងផ្សារកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក ម៉ាស្តាមួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ 2-0666 បើកបរ ដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរសនារី២នាក់ ទៀត ធ្វើដំណើរដោយខ្វះការប្រុងប្រយត្ន័និងមិនគោរពច្បាប់ចរាចរណ៍ ដោយបានបើករថយន្តបញ្ច្រាសផ្លូវនៃស្លាកសញ្ញាចរាចរណ៍ លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូធំមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CB-0001 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ឌុបស្ត្រីម្នាក់ទៀតនៅខាងក្រោយ រួចក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យជនបរទេសដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ ចំជើងខាងឆ្វេង ចំណែកស្ត្រីម្នាក់ដែលអង្គុយខាងក្រោយ រងរបួសស្រាល ។
ក្រោយពីកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងកើតហេតុ ប៉ុន្តែដោយសារតែមិនត្រូវគ្នា ក៏សម្រេចឲ្យសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់