ក្នុងវេទិការប្រគំតន្ត្រី«TV5 Carabao Spark Concert » របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃអាទិត្យទី១១ មីនា នៅមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក តារាចម្រៀងល្បីឈ្មោះកញ្ញា សួស វីហ្សា បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនៅលើវេទិកា។ អ្វីដែលគេចាប់អារម្មណ៍គឺកញ្ញាបានផ្ដល់សម្ភាសន៍នូវសម្ដីមួយម៉ាត់ ដែលធ្វើឲ្យអ្វីដែលតារាសម្ដែង លោក ថមមី ធ្លាប់ទម្លាយកាលពីមុន ឮហើយក្ដួតឈាមតែម្ដង។
កញ្ញាបានថ្លែងនៅខាងក្រោយឆាក រវាងកញ្ញា និងលោកថមមី មិនមែនជាគូស្នេហ៍ដូចអ្វីដែលបានអះអាងនោះទេ ដោយកញ្ញាបានចាត់ទុកថាអ្វីដែលលោកថមមី ធ្លាប់និយាយ គឺជាការលើកឡើងផ្ទុយពីការពិត ក្រោយការបែកគ្នានោះផង។ កញ្ញានិយាយថា កញ្ញាអត់មានដំណឹងត្រៀមរៀបការជាមួយតារាសម្ដែងលោកថមមីនោះទេ ដោយកញ្ញាបានទាំងប្រកាសជំហរថា រវាងកញ្ញា និងតារាសម្ដែងសំបូរសាច់ដុំរូបនោះ គ្រាន់តែរាប់អានគ្នា និងធ្លាប់ជាមិត្តល្អប៉ុណ្ណោះ។ កញ្ញាច្រានចោលចំពោះការលើកឡើងថាកញ្ញា និងលោក ថមមី បានសម្ងំរស់នៅជាមួយ និងត្រៀមរៀបការជាមួយគ្នាផង ដោយកញ្ញាប្រកាសថាកញ្ញាមិនមានគម្រោងជ្រើសយកអ្នកសិល្បៈធ្វើជាស្វាមីនោះទេ។
កញ្ញា ប្រកាសថានារីគ្រប់រូបសុទ្ធតែមានក្ដីស្រម៉ៃរៀងខ្លួន ហើយសម្រាប់កញ្ញាអត់ត្រូវការតារាសិល្បៈយកមកធ្វើជាស្វាមីនោះទេ បើទោះជាពេលកន្លងមកកញ្ញាធ្លាប់មានព័ត៌មានជាមួយតារានេះជាមួយតារានោះនៅលើបណ្ដាញសារព័ត៌មាន។ ការប្រកាសជំហររបស់ សួស វីហ្សា បានធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះអ្នកតាមដានពីជីវិតឯកជនរបស់នាងយ៉ាងខ្លាំង ជាពិសេសនៅពេលដែលមុននេះបន្តិច គឺតារាសម្ដែង លោក ថមមី ដែលត្រូវគេដឹងថាជាគូស្នេហ៍របស់នាង ទើបនឹងបានទម្លាយថា រវាងលោក និងនាង ក្រោយការឈ្លោះគ្នាមួយរយៈ បានត្រលប់មកត្រូវរ៉ូវគ្នាវិញហើយ ដោយទំនាក់ទំនងជាថ្មីនេះ នឹងឈានដល់ចំណងអាពាហ៍ពិពាហ៍ផង។
លោកបានបង្ហើបថាគ្រានោះថា សួស វីហ្សា និងលោក កាន់តែល្អូកល្អិននឹងគ្នា ហើយមិនយូរនោះទេ ដំណឹងរៀបការនឹងបានកើតឡើង ដោយគ្រាន់តែកញ្ញា មិនទាន់ចង់ឲ្យទម្លាយ។
កញ្ញា សួស វីហ្សា និយាយថា ដោយសារតែចង់លាងជម្រះចំពោះព័ត៌មានជាមួយលោកថមមី នោះទើបនាងមិនហ៊ានទាំងចាប់ដៃឡើងឆាកជាមួយលោកដូចមុន ដោយនាងបញ្ជាក់ថាគ្រាន់តែនៅរាប់អានគ្នាជាអ្នកសិល្បៈ។ កញ្ញាបញ្ជាក់ដដែលជាដដែលថា កញ្ញាមិនយកប្ដីជាអ្នកសិល្បៈនោះទេ ដោយកញ្ញាបង្ហើបថាមិនមែនជាការរើសអើងនោះទេ ប៉ុន្តែបណ្ដាលមកពីកញ្ញា ក៏មានក្ដីស្រម៉ៃផ្ទាល់ខ្លួនមួយ មិនចង់បានអ្នកសិល្បៈធ្វើប្ដី ទើបនាងមិនយក។ ការប្រកាសរបស់នាង ត្រូវបានអ្នកគាំទ្រយល់ថាពិតជាធ្វើការបង្ហើបមុននេះបន្តិចរបស់លោកថមមី ក្អួតឈាម ដោយម្នាក់ៗមិនយល់ថានោះជាការបិទបាំងរបស់នាងទៀតនោះផង៕
មតិយោបល់