ព័ត៌មានជាតិ

ទៀតហើយ! សមត្ថកិច្ច បន្តរកឃើញ ប្រហុកសាច់ត្រីខូចគុណភាពនាំចូលពីប្រទេសវៀតណាម ជាង១០០០គីឡូក្រាម

តាកែវៈ យោងតាមផេក វិទ្យុគោកធ្លង បានឲ្យដឹងថា ប្រហុកសាច់ត្រីខូចគុណភាពដែលនាំចូលពីប្រទេសវៀតណាម ចំនួន១១២០គីឡូក្រាម ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តតាកែវ ដែលដឹកនាំដោយ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុង​ត្រូលខេត្ត សហការជាមួយលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានធ្វើការត្រួតពិនិត្យ និងរឹបអូសយកមករក្សាទុកបណ្តេះ​អាសន្ននៅ​សាលាឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។

បន្ទាប់ពីធ្វើត្តេសបឋម សមត្ថកិច្ចបាន​រកឃើញសារធាតុគីមី Formalin នៅក្នុងសាច់ត្រីប្រហុកនេះ ដែលសារ​ធាតុ​គីមីនេះ គឺជាសារធាតុដែលគេប្រើនៅលើសាកសព ហើយ​ចំពោះ​ការរឹបអូសសាច់ត្រីប្រហុកនេះ នឹងស្នើសុំគោលការណ៍​សម្រេច លោក អភិបាលខេត្ត និងព្រះរាជអាជ្ញាដើម្បីដុតបំផ្លាញ​ចោល​តាមនីតិវិធីច្បាប់។

ការពិនិត្យរកឃើញសារធាតុគីមី Formalin នៅក្នុងសាច់ត្រី​ប្រហុក​នេះ គឺរកឃើញនៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០១៨ នៅសិប្បកម្ម​ផលិតប្រហុកត្រីផ្ទះឈ្មោះយិន យ៉ុង ដែលមានទីតាំងនៅភូមិរលួស ឃុំអង្កាញ់ ៕

មតិយោបល់