ព័ត៌មានជាតិ

ផឹកស៊ី ក្លែមពាក្យសម្តី! និយាយមិនត្រូវគ្នា ទាញពូថៅកាប់..

កំពង់ស្ពឺ: នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ម ប៊ុនធឿន ហៅង៉ែត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរយោធា(ង៧០) បច្ចុប្បន្នរស់នៅភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច ពាក់ពន្ធករណីហិង្សាដោយចេតនា នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច។

នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាជាមួយជនរងគ្រោះឈ្មោះ ប៊ុត ធូ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាឡាត់ថ្មី ឃុំអូរ រួចហើយបានទាស់ពាក្យសម្តីជាមួយគ្នា។ បន្ទាប់មកជនសង្ស័យខឹង ក៏ដើរសន្ទុះទៅយកពូថៅរបស់ខ្លួននៅលើគ្រែ យកកាប់មកលើជនរងគ្រោះឈ្មោះ ប៊ុត ធូ ត្រូវចំក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យរងរបួសជាទម្ងន់។ ត្រូវបានបងប្អូនសាច់ញាតដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយក៏បន្តដឹកជនរងគ្រោះឈ្មោះ ប៊ុត ធូ ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:រាជធានីភ្នំពេញ។

ករណីខាងលើសមត្ថកិច្ចយើងបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ ម៉ម ប៊ុនធឿន ទៅស្នងការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនិតិវិធី៕

មតិយោបល់