ព័ត៌មានជាតិ

ឃាតក ឈាមរាវវ័យក្មេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្រ្កាបបានភ្លាមៗ

បន្ទាយមានជ័យៈ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ឃាតកម្មគិតទុកជាមុន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។

យោងពាក្យបណ្តឹងរបស់ឈ្មោះ ស្រៀង កំសត់ (ជាឪពុករបស់កុមារីរងគ្រោះឈ្មោះ ស្រៀង ឈុនអ៊ី) បច្ចុប្បន្នរស់នៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្តីពីករណីបាត់កូនស្រី ។

ក្រោយទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានធ្វើសេចក្តីរាយការណ៍បឋមទៅលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តន៍ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់បទបញ្ជាចុះប្រតិបត្តិការភ្លាមៗដើម្បីស្រាវជ្រាវរកមុខសញ្ញា ដែលលោកឧត្តមសេនីយ៍ត្រី ជាអ្នកដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការតែម្តង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សុខឃឿន សយធី ភេទ ប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ ក្នុងប្រតិបត្តិការ និងស៊ើបអង្កេតលើអង្គហេតុ កម្លាំងអាវុធហត្ថទទួលបានតម្រុយមួយចំនួន រហូតឈានដល់ធ្វើការឆែកឆេរតាមរយៈកាមេរ៉ាសុវត្ថិភាពនៅសាលាពន្លកខ្មែរ(សាលារៀនរបស់កុមារីរងគ្រោះ) ទើបដឹងថាកុមារីរងគ្រោះត្រូវបានជនមិនស្គាល់មុខ មកលួងលោម និងដឹកតាមម៉ូតូចេញទៅបាត់ហើយ ។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថ កំណត់បាននូវអត្តសញ្ញាណម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ និងឈានដល់ការកំណត់ទីតាំងរបស់ជនសង្ស័យស្នាក់នៅ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ដោយទទួលបានតម្រុយបទល្មើស និងកំណត់បានទីតាំងរបស់ជនសង្ស័យយ៉ាងច្បាស់លាស់ និងដោយអនុលោមតាមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៩ និង ៣០នាទី នាថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចុះទៅដល់បន្ទប់ជួលរបស់ជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យ ហើយបានសួរនាំជនសង្ស័យភ្លាមៗអំពីដំណឹងរបស់កុមារីរងគ្រោះ តែជនសង្ស័យឆ្លើយថាមិនដឹងរឿងនោះទេ ។

ពេលនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើការឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ស្រាប់តែប្រទះឃើញកុមារីរងគ្រោះ ត្រូវជនសង្ស័យដាក់ចូលក្នុងទូរខោអាវ ដោយច្រកចូលក្នុងការ៉ុង និងយកស្គុតរុំជើង រុំដៃ រុំបិទមាត់ និងយកក្រមារឹតករបស់កុមារីរងគ្រោះ ឃើញសភាពបែបនេះកម្លាំងកងរាជអាវុធហត្ថ បានញាប់ដៃញាប់ជើងធ្វើការសង្រ្គោះបឋមដល់កុមារីរងគ្រោះ និងបានបញ្ជូនកុមារីរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយគិតថាកុមារីរងគ្រោះអាចនៅមានដង្ហើម ព្រោះពេលវេលាដែលជនសង្ស័យចាប់កុមារីរងគ្រោះ និងពេលដែលសមត្ថកិច្ចចូលធ្វើការឃាត់ខ្លួន និងឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ គឺមានចន្លោះរយៈពេលប្រមាណ ០២ ទៅ ០៣ម៉ោងប៉ុណ្ណោះ តែជាអកុសលកុមារីរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្ថែមថា ៖ តាមការបំភ្លឺរបស់ឈ្មោះ ហេង ម៉េត ភេទ ស្រី អាយុ ៣៨ឆ្នាំ (ជាអាណាព្យាបាលរបស់កុមារីរងគ្រោះ) បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានអោយដឹងថា៖ នៅវេលាម៉ោងប្រហែល ១៦ និង ១០នាទី ខ្លួនបានទទួលដំណឹងថា ក្មួយស្រីរបស់ខ្លួនឈ្មោះ ស្រៀង ឈុនអ៊ី (ហៅ លីហ្សា) ភេទ ស្រី អាយុ ១១ឆ្នាំ ជាសិស្សនៅសាលាពន្លកខ្មែរ បានបាត់ខ្លួនពីសាលារៀន មិនឃើញមកដល់ផ្ទះ និងបានទូរស័ព្ទទៅប្រាប់ប្អូនប្រុសរបស់ខ្លួនឈ្មោះ ស្រៀង កំសត់ (ឪពុករបស់កុមារីរងគ្រោះ) ដែលរស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ហើយបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។ លុះដល់ម៉ោងប្រហែល ១៩ និង ៥០នាទី ខ្លួនក៏បានទទួលដំណឹងដ៏តក់ស្លុត ពីសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ថា ៖ ក្មួយស្រីរបស់ខ្លួនត្រូវបានជនសង្ស័យសម្លាប់បាត់ទៅហើយ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ៖ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានសម្លាប់កុមារីរងគ្រោះ ដោយយកក្រមារឹតក និងយកស្គុតរុំដៃ រុំជើង រុំបិទមាត់ ហើយច្រកចូលក្នុងការ៉ុង (ការ៉ុងមានដៃយួរ និងមានខ្សែរួតបិទបើក) ពិតប្រាកដមែន ។

ជនសង្ស័យបានបញ្ជាក់បន្ថែមថា ៖ ជនសង្ស័យមានបំណងចាប់កុមារីរងគ្រោះ ដើម្បីជំរិតទារប្រាក់ពីអាណាព្យាបាលកុមារីរងគ្រោះ ព្រោះជនសង្ស័យត្រូវការប្រាក់យកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ដោយអាណាព្យាបាលរបស់កុមារីរងគ្រោះជាអាជីវករ(បើកវីងផ្ទេរប្រាក់) នៅវេលាម៉ោងប្រហែល ១៦ និង ០០នាទី ខ្លួនបានជិះម៉ូតូទៅឈប់នៅមុខសាលារៀនពន្លកខ្មែរ ហើយបានលួងលោមកុមារីឈ្មោះ ស្រៀង ឈុនអ៊ី (ហៅ លីហ្សា) អាយុ ១១ឆ្នាំ ដោយប្រាប់ថាម្តាយរបស់ ឈុនអ៊ី (កុមារីរងគ្រោះ) មកលេង អោយខ្លួនមកដឹក ឈុនអ៊ី ទៅជួប ។

ពេលនោះកុមារីរងគ្រោះ បានដើរតាមជនសង្ស័យនិងឡើងជិះម៉ូតូទៅជាមួយជនសង្ស័យ ពេលនោះជនសង្ស័យបានដឹកកុមារីរងគ្រោះទៅបន្ទប់ជួលរបស់ខ្លួន ហើយបាននាំកុមារីរងគ្រោះចូលទៅក្នុងបន្ទប់ ពេលចូលដល់ក្នុងបន្ទប់ ជនសង្ស័យស្រាប់តែមានគំនិតរារែក ហើយក៏គិតលែងចង់ជំរិតទារប្រាក់ពីអាណាព្យាបាលកុមារីរងគ្រោះ តែខ្លាចបែកការដោយកុមារីរងគ្រោះស្គាល់ខ្លួនច្បាស់ ក៏ដើរទៅវិញទៅមកក្នុងបន្ទប់ និងចូលក្នុងបន្ទប់ទឹកធ្វើជាចូលទៅលាងដៃ រួចក៏ចេញមកវិញដោយក្នុងចិត្តរារែកជាខ្លាំង ពេលនោះកុមារីរងគ្រោះហាក់មានចម្ងល់ក៏សួរថា ៖ (ពូបាត់អីមែនទេ បានជាដើរទៅដើរមកអញ្ចឹង) ខ្លួនក៏តបថា៖ (ពូបាត់លុយជួយរកពូផង) ពេលនោះកុមារីរងគ្រោះក៏បានជួយរក ដោយឈ្ងោកមើលក្រោមតុ និងក្រោមទូរខោអាវ ពេលនោះជនសង្ស័យបានលូកដៃយកក្រមាពីក្នុងទូរដាក់ខោអាវ មករឹតកកុមារីរងគ្រោះពីក្រោយរហូតដាច់ខ្យល់ស្លាប់តែម្តង ហើយបានយកស្គុតពណ៌សថ្លា មករុំដៃ រុំជើង និងរុំបិទមាត់ ហើយបានចេញពីក្រៅទិញការ៉ុងមកច្រកសពកុមារី ក្នុងបំណងយកទៅបោះចោលបំបិទភស្តុតាងនៅពេលយប់ តែដោយពេលនៅភ្លឺពេក ពេលជនសង្ស័យច្រកសពកុមារីរងគ្រោះក្នុងការ៉ុងរួចហើយ ខ្លួនក៏សម្ងំនៅក្នុងបន្ទប់រងចាំពេលយប់ស្ងាត់ទើបយកសពទៅបោះចោល តែក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថចូលមកឃាត់ខ្លួនតែម្តង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់បន្ថែមថា ៖ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់អាណាព្យាបាលកុមារីរងគ្រោះ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ តាមចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការធ្វើកោសល្យវិច្ច័យពីគ្រូពេទ្យ និងយោងតាមរបាយការណ៍ស្តាប់ចម្លើយរបស់ជនសង្ស័យ អាចបញ្ជាក់ពីតម្រុយនៃពិរុទ្ធយ៉ាងជាក់លាក់ ដូចនេះជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (ឃាតកម្មគិតទុកជាមុន) ។ កម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

មតិយោបល់