កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ទើបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ដោយមានសង្ស័យការលាក់ទុកបទល្មើសឈានដល់ការឆែកឆេរផ្ទះចំនួន២កន្លែង នៅចំណុចភូមិបូរីកម្មករសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញយុត្តិធម៌ក្រុងច្បារមន បានសហការជាមួយជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល និងជំនាញព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាដោយលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី អមសាលាដំបូងខេត្តកណ្ដាល បានចុះឆែកឆេរនៅផ្ទះរបស់ឈ្មោះ ឌី បណ្ដូល ភេទស្រី អាយុ៥៤ឆ្នាំ ក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ ។
នៅក្នុងនោះ កម្លាំងបានធ្វើការឆែកឆេរផ្ទះចំនួន២ផ្ទះ ទី១ រកឃើញស្លាកលេខម៉ូតូចំនួន៤៤ស្លាក ក្នុងនោះស្លាកលេខរថយន្តមួយស្លាក និងកូនសោម៉ូតូមួយចំនួន, ផ្ទះទី២រកឃើញ ស្លាកលេខម៉ូតូចំនួនចំនួន១៦ស្លាក ក្នុងនោះស្លាកលេខ(ខម)ចំនួនមួយស្លាក ។
លោកមេបញ្ជាការបានបន្តថា ក្នុងនោះបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ហេង ភក្ដី ហៅ(ម៉ាប់) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានមុខរបរជាងធ្វើសោរម៉ូតូ ។
ចំណែកវត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅខេត្តកណ្ដាលដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្ត៕
មតិយោបល់