ព័ត៌មានជាតិ

រដ្ឋបាលហុងកុង ប្រាប់បណ្តាប្រទេសមួយចំនួន ថាត្រូវឈប់ទទួលស្គាល់លិខិតឆ្លងដែននាយ​សមុទ្ររបស់អង់គ្លេស

លិខិតឆ្លងដែននាយសមុទ្ររបស់អង់គ្លេស ហៅជាភាសាអង់គ្លេស BNO British National Overseas Passport គឺជាឯកសារធ្វើដំណើរផ្លូវការមួយ​ប្រភេទ ដែលត្រូវបានបង្កើតឡើង តាំងតែ​ពីឆ្នាំ​​១៩៨៧ សម្រាប់​ប្រជាជន​ហុងកុង។ កាលណោះ ហុងកុង គឺជាដែនដី​នាយ​សមុទ្ររបស់អង់គ្លេស ហើយ​ប្រជាជនហុងកុង គឺត្រូវ​អាជ្ញាធរអង់គ្លេសទទួលស្គាល់ថា គឺជាប្រជាជនអង់គ្លេសដែរដែរ តែនៅឯនាយ​សមុទ្រ។ លុះក្រោយ​ អង់គ្លេសប្រគល់ដែនដីហុងកុង ទៅឲ្យ​ចិននៅឆ្នាំ​១៩៩៧ ក៏អង់គ្លេសនៅតែបន្ត ធ្វើលិខិតឆ្លងដែនពិសេសនេះ ជូនប្រជាជនហុងកុងដែរ ឲ្យ​តែអ្នក​នោះ​ កើតនៅដែនដីហុងកុង នៅមុនថ្ងៃទី​ ១កក្កដា ឆ្នាំ​១៩៩៧។

លិខិតឆ្លងដែននេះ ទទួលបានការពេញនិយមប្រើប្រាស់ណាស់ សម្រាប់​ប្រជាជនហុងកុង ចំនួនប្រមាណ​ជាង៣លាននាក់ ព្រោះគេអាចធ្វើដំណើរ និងស្នាក់នៅ​អង់គ្លេស រយៈពេល​៦ខែ ដោយ​មិនចាំបាច់មានទិដ្ឋាការ។ ក៏ប៉ុន្តែ ក្រោយ​មក ប្រជាជនហុងកុង ជាង២លាននាក់ មិនបាន​ពន្យា ឬធ្វើលិខិតិឆ្លងដែននេះថ្មីទេ។ បច្ចុប្បន្ន បើតាមតួលេខ គឺមានប្រជាជនហុងកុង ចំនួន​ប្រមាណ​៣៥ម៉ឺននាក់ ដែលកាន់លិខិតឆ្លងដែននេះ។ ក៏ប៉ុន្តែ ប្រជាជនហុងកុង ជាង​២លាននាក់ផ្សេងទៀត ឲ្យ​តែ​កើត​មុនថ្ងៃទី​១កក្កដា ១៩៩៧ គឺសុទ្ធតែអាចសុំលិខិតឆ្លងដែននេះបាន។

យ៉ាងណាមិញ ចាប់ពីឆ្នាំ​២០១៤ ក្រោយ​មានចលនាបាតុកម្មនៅហុងកុង គេសង្កេតឃើញ ប្រជាជន​​ហុងកុង​កាន់តែច្រើន ដែលបាន​ទៅដាក់ពាក្យ​ដើម្បីទទួលបានលិខិតឆ្លងដែនពិសេសរបស់​អង់គ្លេសនេះ ដើម្បី​ងាយស្រួលធ្វើដំណើរចេញពីហុងកុង។ គ្រាន់តែចន្លោះ ពីខែកក្កដា ដល់ខែមករា​ដើម​ឆ្នាំនេះ អាជ្ញាធរអង់គ្លេសបាន​បញ្ជាក់ថាមាន​ប្រជាជនហុងកុង ប្រមាណ​៧០០០នាក់ បានធ្វើដំណើរទៅរស់នៅ​អង់គ្លេស ជាមួយ​នឹងលិខិតឆ្លងដែននេះ។ ហើយ​នៅចុងខែមករា ដើមឆ្នាំនេះ រដ្ឋាភិបាលអង់គ្លេស បានធ្វើកំណែទម្រង់បន្ថែម ដោយអនុញ្ញាតឲ្យ​ប្រជាជនហុងកុង ដែលកាន់លិខិតវឆ្លងដែន​ពិសេសនេះ អាចស្នាក់នៅ និងធ្វើការនៅអង់គ្លេស រយៈពេល​៥ឆ្នាំ ហើយ​បន្ទាប់​មកទៀត អាចដាក់​ពាក្យ​​សុំសញ្ជាតិអង់គ្លេសបាន។

ប្រភព៖ RFI

មតិយោបល់