ព្រៃវែងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបណ្តាលឲ្យមនុស្សចាស់ក្មេង២នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ៥គុណ៦ម៉ែត្រ កម្ពស់៦ម៉ែត្រ ដំបូលប្រក់ស៊ីប្រូជព្ជាំងស្លឹក និងបានឆេះបំផ្លាញ៖ ប្រាក់រៀលចំនួន៩លានរៀល និងស្រូវចំនួន៥ទៃ ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀតរបស់ជនរងគ្រោះ ឈ្មោះ ឆើយ ឡង់ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ ។ សរុបការខូចខាតទាំងអស់ចំនួន២៥លានរៀល ព្រមទាំងរងរបួសចំនួន២នាក់គឺ៖
១.ឈ្មោះ បាក់ ស្រីម៉ៅ ភេទស្រី អាយុ៣៧ឆ្នាំរងរបួសដៃស្តាំ
២.ឈ្មោះ ញ៉េត បញ្ញា ភេទប្រុស អាយុ៤ឆ្នាំ រងរបួសដៃស្តាំនិងលើក្បាល។
ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះចូលដេក ហើយមិនពន្លត់ភ្លើងចង្ក្រានផ្ទះបាយ ទើបធ្វើឲ្យឆាបឆេះតែម្តង ៕
មតិយោបល់