ព័ត៌មានជាតិ

រថយន្តស្រាបៀរអង្គរបើកលឿនដូចហោះ ទៅបុកម៉ូតូអូសជាច្រើនម៉ែត្រ ស្លាប់បុរស​ម្នាក់​​និង​ម្នាក់​ទៀត​របួសធ្ងន់!​

កណ្ដាលៈ​ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា រថយន្ដ​មួយ​គ្រឿង​បើក​ដោយ​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញ​មួយ​ទំហឹង​ ធ្វើ​ឲ្យ​ម៉ូតូ​និង​អ្នកបើកបរ​ម៉ូតូ​គៀប​ជាប់​ជាមួយ​រថយន្ដ​អូស​ជា​ច្រើន​ម៉ែត្រ​ បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់​។​

ហេ​តុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ២៣​និង​១០​នាទី​ ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ ផ្សារ​ថ្នល់ទទឹង​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១-៣២​ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ។​

មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ពុំ​ទាន់​ស្គាល់​អត្ដសញ្ញាណ​ អាយុ​ប្រហែល​២៤​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FA-0582​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់​ពុំ​ទាន់​ស្គាល់​អត្ដសញ្ញាណ​ អាយុ​ប្រហែល​២៥​ឆ្នាំ​ ។​ ចំណែក​រថយន្ដ​ម៉ាក​FUSO​ បិត​ស្លាក​ស្រា​បៀ​អង្គរ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​តាកែវ​ 3A-1542​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេច​ខ្លួន​បាត់​ស្រមោល​)​ ។​

ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​រថយន្ដ​ម៉ាក​FUSO​ បិត​ស្លាក​ស្រា​បៀ​អង្គរ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤​ ត្រង់​ចំណុច​ផ្សារ​ថ្នល់ទទឹង​ បាន​បត់​ឆ្លងផ្លូវ​ចូល​ទៅ​លេខ​៥១​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​និ​ច​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​រួម​ទាំង​ជន​រង​គ្រោះ​ទាំង​២​នាក់​គៀប​ជាប់​ជាមួយ​រថយន្ដ​អូស​ជា​ច្រើន​ម៉ែត្រ​ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ។​

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ រីឯ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែកឯ​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​កសាង​សំណុំរឿង​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់