ភ្នំពេញៈ ករណីអគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារច្បារអំពៅអូសបន្លាយអស់រយៈពេលរហូតទៅដល់ជាង១២ម៉ោង ចាប់តាំងពីម៉ោង១១យប់ថ្ងៃទី១៥ រហូតនឹងមកដល់ម៉ោង ១២ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ភ្លើងនៅតែឆេះ ហើយកម្លាំងមានសមត្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង នៅតែបន្តចុះមកជួយធ្វើអន្តរាគមន៍នៅឡើយ។ ដោយបានឆាបឆេះបំផ្លាញអស់តូបរហូតទៅដល់ចំនួនជាង ៦៥០តូប និងខាតបង់នូវទឹកប្រាប់អស់រហូតដល់ចំនួនខ្ទង់លានដុល្លារ និងប្រើប្រាស់់រថយន្តពន្លត់អគ្គិភ័យអស់រហូតទៅដល់ចំនួនជាង ២០០គ្រឿងផងដែរ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា ក្នុងករណីភ្លើងឆេះបំផ្លាញផ្សារច្បារអំពៅខាងលើនេះដែរ បានធ្វើអោយតូបចំនួនជាង ៦៥០ តូបក្នុងចំនួនតូបសរុបមានចំនួន ១៤៤៧តូបនោះ ត្រូវបានភ្លើងឆេះបំផ្លាញអស់ គ្មានសល់ និងតូបមួយចំនួនទៀតរងការខូចខាតផងដែរ តែបើគិតពីទំហំនៃការខូចខាតជាទឹកប្រាក់វិញ គឺរងការខាតបង់ ក្នុងរង្វង់ទឹកប្រាក់រហូតទៅដល់ខ្ទង់លានដុល្លារឯណោះ។ ដោយឡែបតូបដែលរងការខូតខាតទាំងនេះ ជាតូបដែលមានលក់ អង្ករ គ្រឿងជ័រ ចានឆ្នាំ ត្រីឆ្អើរ ត្រីងៀត និងចាប់ហួយផ្សេងៗជាច្រើនទៀតផងដែរ ត្រូវបានភ្លើងឆេះខ្ទេចអស់គ្មានសល់ និងមានតូបមួយចំនួន ក៏រងការខូចខាតផងដដែរ។
គួរបញ្ជាក់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ យប់មិញនេះ គេបានឃើញមានអណ្តាតភ្លើងក្រហមឆ្អៅបានឆាបឆេះចេញពីតូបមួយចំនួន ដែលមានតូបលក់អង្ករ និងគ្រឿងជ័យមួយចំនួនដែលមានទីតាំងស្ថិតនៅភាគខាងកើត ឈៀងខាងត្បូងផ្សារ។ ភ្លាមនោះ ពួកគាត់ក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅចំនួន ២គ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ពន្លត់តែ ដោយសារតែភ្លើងឆេះខាងក្នុងរថយន្តមិនអាចចូលជិតបាន និងបាញ់ទឹកបានតែពីចម្ងាយនោះ ភ្លើងក៏បានឆេះរាលដាល កាន់តែខ្លាំងៗឡើង ហើយក៏បានហៅរថយន្តពន្លត់អគ្គិភ័យដែលមកពីបណ្តាអង្គភាពផ្សេងៗ ទាំងឯកជន និង រដ្ឋ ជាច្រើចុះ មកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ថែមទៀត មិនតែប៉ុណ្ណោះក៏មានទាំងគ្រឿងចក្រមកកាយផ្លូវដើម្បី អោយមានការ ងាយស្រួលរថយន្តពន្លត់អគ្គិភ័យ និង ក្រុមអ្នកបាញ់ទឹកពន្លត់អូសទុយោចូលទៅខាងក្នុងផ្សារផងដែរ ទើបធ្វើអោយភ្លើង មានសភាពថមថយ និងឆេះរាលដាលទៅតូបជាច្រើនទៀតដែលនៅខាងក្នុងផ្សារទៀតបាន ម្ល៉េះផ្សារទាំងមូលនឹងទៅជា ចំណីព្រះអគ្គីនេះមិនខានឡើយ។
ក្រោយពីកម្លាំងមានសមត្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ និង ទប់ស្កាត់ភ្លើងមិនអោយឆេះរាលដាលតទៅទៀតបានហើយនោះ តែភ្លើងមិនបានរលត់អស់ភ្លាមៗទេ ដោយនៅតែបន្តឆេះ និង ហុយផ្សែងចេញពីគំនរតូប និង កម្ទេចកម្ទីដែលត្រូវបានភ្លើងឆេះកាលពីយប់បន្តទៀត រហូតមកដល់ម៉ោង ប្រមាណ ជាជាង ១២ ថ្ងៃត្រង់នេះ។
មតិយោបល់