ព័ត៌មានជាតិ

Update៖ ជនជាតិចិនបើករថយន្តឡង់គ្រីស័រមួយគ្រឿង ចូលចាក់សាំង រួចចុះជិះកង់បីទៅបាត់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: រថយន្តឡង់គ្រីស័រមួយគ្រឿង បន្ទាប់ពីអ្នកបើកជាជនជាតិចិន បានបើកមកចាក់សាំងអស់២០ដុល្លារ រួចក៏ទុកចោលនៅកន្លែងចាក់សាំង ហើយចុះពីរថយន្តជិះកងបីទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍ចតរថយន្តទុកចោលនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ ចំណុចស្ថានីយ៍ប្រេងឥន្ធន:សូគីម៉ិច ក្បែររង្វង់មូលព្រហ្មមុខបួន ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តដែលបុរសជាជនជាតិចិន ចតទុកចោលនោះ ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K 5585។

តាមប្រភពព័ត៌មានពីបុគ្គលិកស្ថានីយ៍ខាងលើ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ មកចាក់សាំងអស់ទឹកប្រាក់ចំនួន២០ដុល្លារ បន្ទាប់ពីចាក់សាំងរួចជនជាតិចិននោះ បានបើករថយន្តមកខាងកើតស្ថានីយ៍ប្រេងបានបន្តិច ក៏ចុះពីលើរថយន្តឡើងកង់បី ជិះទៅបាត់តែម្តង ដោយមិនដឹងថា ទៅណាឡើយ។

រហូតមកដល់ថ្ងៃទីម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ មិនឃើញជនជាតិចិននោះ ត្រឡប់មកយករថយន្តទៅវិញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។ ចំពោះភិនភាគរថយន្តខាងលើ មានស្នាមបែកស្តុបក្រោយផ្នែកខាងឆ្វេង ដាច់ធ្លុះកាង និងក្រពឹតពីក្រោយក្បែរស្តុបឆ្វេង។

រហូដល់ម៉ោង១១ថ្ងៃទី២៧ ខែឆ្នាំដដែល សមត្ថកិច្ច កំពុងឃ្លាំងមើលរថយន្តនោះនៅឡើយ ដោយសារមិនទាន់ឃើញ អ្នកបើករថយន្តមកយករថយន្ត៕

មតិយោបល់