ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់ ទៅឆក់ត្រី បែរជាឆក់ស្លាប់ខ្លួនឯង!..

​កណ្តាល: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ទៅឆក់ត្រី បែរជាឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅមេទឹកអំពៅដៀប ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ លី ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានឈ្មោះ ប្រាក់ ធឿន មានទីលំនៅភូមិឃុំកើតហេតុ។

បើតាមប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ចេញពីផ្ទះទៅឆក់ត្រីនៅចំណុចកើតហេតុ លុះដល់ម៉ោង៣រសៀលថ្ងៃខែដដែល មានឈ្មោះ សំ រឹម បានមកប្រាប់ថា ប្តីស្លាប់នៅចំណុចកើតហេតុ ភ្លាមនោះអ្នកជិតខាងបាននាំគ្នាទៅមើលឃើញជនរងគ្រោះត្រូវឧបករណ៍ឆក់ត្រី ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា មិនមានស្នាកស្នាមពាក់ព័ន្ធនិងបទល្មើសផ្សេងឡើង គឺជនរងគ្រោះពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងពិតប្រាកដមែន។

ចំណែកសាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់