ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុកនូវសារធាតុញៀន

កណ្តាល: កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្ដិ៍ពោធិ៍បាន ចុះល្បាតតាមទីតាំងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី២៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ១១០ ផ្សារព្រែកតាដុល ភូមិព្រែកតាដុល ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២-ឈ្មោះ ដាំ នឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ រីឯវត្ថុតាងដកហូតយកបាន ១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់តូច ២-ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កណ្ដាល 1S-3899 ៣-ទូរសព្ទចល័តចំនួន១គ្រឿង និងប្រាក់រៀលចំនួន ២ ០០០រៀល។

សមត្ថកិច្ចបន្តថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បានសហការជាមួយកម្លាំងប៉ុស្ដិ៍ពោធិ៍បាន ចុះល្បាតចល័តតាមដងផ្លូវជាតិលេខ១១០ លុះដល់ចំណុចផ្សារព្រែកតាដុល ភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល បានឃើញមុខសញ្ញាទាំង២នាក់ កំពុងជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង។ ឃើញដូចនេះ កម្លាំងសមត្ថកិច្ច បានដេញតាមឃាត់ហៅឲ្យឈប់ រួចបានត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូច ដែលជនសង្ស័យបានបោះចោលក្បែរនោះ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទាំងពីរនាក់មកកាន់ប៉ុស្ដិ៍រដ្ឋបាលពោធិ៍បាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់