ភ្នំពេញៈ បើទោះជានាងបានបង្ហាញអារម្មណ៍លែងចង់រស់ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយ ក៏តារាចម្រៀងផលិតកម្ម Plheng Record នាងវ៉ាន់ នីឡា នៅតែបានបង្ហាញខ្លួនជាមួយតារាសិល្បៈក្នុងពិធីចែកអំណោយដល់សិស្សលាលាកាលពីថ្ងៃទី១៧មិថុនា នៅសាលាបឋមសិក្សាហ៊ុនសែនយាយសល់ នៅស្រុកពោធ៍រាង ខេត្តព្រៃវែង។ នាងបានបង្ហាញស្នាមញញឹម និងរួសរាយរាក់ទាក់ដាក់តារាសិល្បៈគ្រប់គ្នា ដើម្បីបង្ហាញនូវជំហររឹងមាំបន្ទាប់ពីមានការវាយសន្ធាប់ដោយរូបអាក្រាត។
លោកវីជេ អាឡាស្កូ ដែលបានរួមដំណើរទៅចែកអំណោយនៅក្នុងឱកាសនោះបានអះអាងថា កញ្ញា វ៉ាន់ នីឡា នៅតែមានអារម្មណ៍ស្រស់ស្រាយ បើទោះជានាងនៅមិនទាន់អស់ចំហាយពីភាពអាម៉ាសដែលបានផ្ទុះឡើង។ នេះក៏ជាការបង្ហាញខ្លួនជាសាធារណៈទី១ ដែលតារាស្រីរូបនេះចេញមុខបន្ទាប់ពីមានរឿងមិនល្អកើតឡើងនោះផងដែរ។ លោកថា ក្រៅពីឈរចែកអំណោយ កញ្ញាក៏បានលេងសើចជាមួយក្មេងៗ និងតារាសិល្បៈធ្វើឲ្យមានភាពស្និទ្ធស្នាលជាមួយតារាសិល្បៈរៀមច្បងនៅថ្ងៃនោះដែរ ដោយបានទាំងថតរូបបង្ហោះមិនដូចជាតារាដែលមានបៀមទុក្ខព្រួយក្នុងចិត្តនោះផង។ លោកយល់ថាវ៉ាន់ នីឡា នៅតែរឹងមាំផ្លូវចិត្ត ជាពិសេសបន្ទាប់ពីនាងទទួលបានការលើកទឹកចិត្តពីចំណាក់តារាសិល្បៈរួមក្រុមដែលបានរួមដំណើរជាមួយ។
នៅក្នុងវេទិកានោះ លោកអះអាងថា តារាសិល្បៈដែលបានចូលរួមរួមមាន អ្នកនាងចន ច័ន្ទលក្ខិណា លោក យ៉ែម សំអូន កញ្ញាឌួង ហ្សូរីដា កញ្ញាពៅ លីដា លោកពៅ ពិសិដ្ឋា លោកទិត្យ ថាវរិទ្ធិ លោកហម ឈរ៉ា អ្នកនាងប៉ែន សុផានី អ្នកនាងសូដា នីតា និងតារាសិល្បៈជាច្រើនរូប។ តារាទាំងនោះត្រូវគេឃើញពិសារអាហារជុំគ្នា និងបានប្រមូលកម្លាំងគ្នាទិញជាសម្ភារៈសិក្សា និងនំចំណីជាច្រើនធ្វើឲ្យគេមើលឃើញពីកម្លាំងសប្បុរសធម៌កាន់តែធំរបស់តារាសិល្បៈជាមួយក្មេងៗសិស្សសាលានៅក្នុងសហគមន៍នោះ៕
មតិយោបល់