ព័ត៌មានអន្តរជាតិ

មនុស្សចំនួនជាង ៨៨៦នាក់ស្លាប់ ដោយសារជំងឺផ្តាសាយជ្រូក នៅប្រេស៊ីលក្នុងឆ្នាំ ២០១៦

ប្រេងស៊ីលៈ បើតាមរបាយការណ៍ចេញផ្សាយ ដោយក្រសួងសុខាភិបាល កាលពីថ្ងៃសុក្រ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៨៨៦ នាក់បានស្លាប់ ដោយសារគ្រុនផ្តាសាយប្រភេទ H1N1 ឬជំងឺគ្រុនផ្តាសាយជ្រូក នៅប្រទេសប្រេស៊ីលក្នុងឆ្នាំនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្យាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។

របាយការណ៍នេះ បានឲ្យដឹងបន្ថែមថា រហូតមកទល់ពេលនេះ ករណីសរុបចំនួន ៤.៥៨១ នៃអ្នកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលត្រូវបានចុះបញ្ជីឈ្មោះនៅក្នុងឆ្នាំ ២០១៦។ ជំងឺផ្លូវដង្ហើមនេះ ត្រូវបានបង្កទ្បើងដោយគ្រុនផ្តាសាយ (H1N1) ។

ក្រៅពីការស្លាប់ដោយមេរោគ H1N1 ក៏មានមនុស្សចំនួន ៩៣ នាក់ស្លាប់ ដោយប្រភេទជំងឺផ្តាសាយផ្សេងទៀត ដែលត្រូវបានចុះបញ្ជីឈ្មោះក្នុងឆ្នាំ ២០១៦ផងដែរ។

ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍ថា កាលពីសប្តាហ៍មុននេះ ជំងឺគ្រុនផ្ដាសាយ H1N1 ចំនួន ៦០៣ ករណីថ្មីមួយ ត្រូវបានកំណត់អត្តសញ្ញាណ ក្នុងប្រទេសអាមេរិចខាងត្បូង។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៥ មនុស្សចំនួន ៣៦ នាក់ស្លាប់ ដោយសារវីរុស H1N1 នៅប្រេស៊ីល ខណៈដែល ១៦៣ នាក់ស្លាប់ក្នុងឆ្នាំ ២០១៤ និង ៧៦៨ នាក់ទៀតស្លាប់ក្នុងឆ្នាំ ២០១៣៕

មតិយោបល់