ព័ត៌មានជាតិ

បើករថយន្តស៊េរីទំនើប ដឹកនារីបុគ្គលិកក្រុមហ៊ុនBhip ចូលផ្ទះសំណាក់ប៉ងចាប់រំលោភ តែនាងមិនចូលរត់ចេញប្តឹងសមត្ថកិច្ច

​ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប៉ុនប៉ងរំលោភជនរងគ្រោះតែនាងរើបម្រាស់រត់ចេញពីកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៤នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់អាហ្វា ក្រុម៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហម សុខវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកតាក់ស៊ី អស័យដ្ឋានផ្លូវ២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខAT17 2. 0507។

នារីរងគ្រោះឈ្មោះ អ ក ម ត អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនBhip លក់អាហាបំប៉ន អស័យដ្ឋានសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ​ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបើកដោយបុរសខាងលើមកចូលក្នុងបរិវេណផ្ទះសំណាក់ខាងលើ ហើយក្រោយមកមិនដឹងជាយ៉ាងមិចក៏ឃើញអ្នកទាំង២ប្រតាយប្រតប់គ្នានៅបរិវេណផ្ទះសំណាក់ ដោយនាងមិនព្រមចូលផ្ទះសំណាក់ជាមួយឡើយហើយនាងតោងបង្គោលដែក ហើយរើបម្រាស់និងឃើញមានរបួសជើងផងដែរ។ រួចរត់ចេញពីបរិវេណផ្ទះសំណាក់ទៅផ្ទះប្រជាពលរដ្ឋចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលតែម្តង។

ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលោមជនរងគ្រោះឲ្យឡើងជិះរថយន្តយកមកផ្ទះសំណាក់ខាងលើ ហើយជនសង្ស័យខាងលើបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកឆោឡោឲ្យគេជួយទើបសមត្ថកិច្ចចុះទៅអន្តរាគមន៏ក៏បានឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារតែម្តង។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចម្លើយសារភាពរបស់ជនសង្ស័យនិងការបំភ្លឺរបស់សាក្សីសមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភទៅលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងរថយន្ត ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕

មតិយោបល់