ព័ត៌មានជាតិ

សាហាវ! បើករថយន្តទៅបុកម៉ូតូកង់បី ក្រឡាប់ទៅបុកម៉ូតូ១ទៀត ស្លាប់២នាក់ របួសម្នាក់!

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តមួយគ្រឿងបើកមិនប្រយត្ន័ ទៅបុកម៉ូតូកង់បី ក្រឡាប់ទៅបុកនឹងម៉ូតូមួយគ្រឿងទៀត រហូតបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត ម៉ូតូកង់បី រួមនិងម៉ូតូ១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ២០១៨ លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៧ -២៨
ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះសមត្ថកិច្ចបានឲ្យដឹងថា កើតឡើង រវាងរថយន្ត ម៉ាក KIA ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ស្លាកលេខ ភ្នំពេញ 2AF- 5752 បើកបរពីភ្នំពេញទៅអ្នកលឿង លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកជែងរថយន្តទៅបុកម៉ូតូសណ្តោារ៉ឺម៉កម៉ាក CITI PLUS ពាក់ស្លាកលេខ កណ្តាល 1L-9356 បើកបរដោយ ឈ្មោះ ម៉ាក់ សាម៉េត ភេទប្រុស អាយុ៣៥ ឆ្នាំ ស្នាក់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នកដំណើរចំនួន២ នាក់ ឈ្មោះ អ៊ុ សុវណ្ណឌី ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះអៀង យ៉េត ភេទស្រី អាយុ ៧៣ឆ្នាំ ដែលបើកមានទិសដៅផ្ទុយគ្នា ហើយរថយន្តបានក្រឡាប់ទៅបុកជាមួយម៉ូតូម៉ាកយ៉ាម៉ាហា XT ពណ៌ស ប្រភេទប្រុស ពាក់ស្លាកលេខ ភ្នំពេញ 1GH-2040 បើកបរដោយឈ្មោះយឹម ផា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តបណ្តាល បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូឈ្មោះ យឹម ផា តាមផ្លូវនៅលើរថយន្តពេទ្យពេលបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកជិះរ៉ឺម៉ក ឈ្មោះអ៊ុ សុវណ្ណឌី ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះអៀង យ៉េត ទៅផ្ទះវិញព្រោះរបួសស្រាល ដោយឡែក អ្នកបើកម៉ូតូរ៉ឺម៉កឈ្មោះម៉ាក់ សាម៉េត ទៅព្យាបាលនៅពេទ្យស្រុក។

ចំណែកមូលហេតុ បណ្តាលមកពី អ្នកបើកបររថយន្តបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

មតិយោបល់