ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ហួសចិត្ត ដោយសារតែទុកមួយភ្លែតសោះ ចុះមកវិញបាត់ស្រមោល!

ភ្នំពេញៈ នារី​ស្រស់ស្អាតវ័យក្មេង​ម្នាក់ ខណៈ​ពេលដែលជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ រួច​ចត​ម៉ូតូទុក និងបាន​ចាក់សោ យ៉ាង​ត្រឹមត្រូវ ហើយ​រវល់​តែ​ឡើង​ទៅ​បន្ទប់​ជាន់​ទី​២​ដើម្បីងូតទឹក ទៅ​បុណ្យ​គេ​លុះ​ចុះ​មក​វិញ ត្រូវ​បានជនសង្ស័យ​លួច​ម៉ូតូ​ទៅ​បាត់​ដោយ​សុ​វត្ថិភាព។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមី​នា ឆ្នាំ​២០១៨ ដែលទីតាំងស្ថិត​នៅ​មុខ​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

នារី​ដែលជាជនរង​គ្រោះមាន​ឈ្មោះ សុខ ច័ន្ទ​មុន្នី អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ម៉ូតូ​ជនសង្ស័យ​លួច​យក​ទៅ​បាត់នោះ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1GH-9079 ។

តាម​ការ​រៀបរាប់​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​គាត់​មក​ពី​ធ្វើការ​ងារ​វិញ ដល់​ដល់​ផ្ទះ​ប្រញាប់ប្រញាល់​ឡើង​ទៅ​ងូតទឹក​នៅ​បន្ទប់​ជាន់​ទី​២ ដោយ​ទុកដាក់​ម៉ូតូ​ចាក់សោ​ត្រឹមត្រូវ ហើយ​មាន​បងស្រី​បង្កើត​អង្គុយ​បោកគក់​ខោអាវ​នៅ​ក្បែរ​នោះ​ទៀត​ផង ហើយ​ខ្លួន​រវល់​តែ​ងូតទឹក​ស្លៀកពាក់​បម្រុង​ចេញ​ទៅ​ចូលរួម​ពិធីបុណ្យ​របស់​មិត្តភក្តិ​លុះ​ចុះ​មក​វិញ ស្រាប់តែម៉ូតូ​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ស្រប​ពេល​បងស្រី​ងើប​យក​ខោអាវ​ទៅ​ហាល នៅ​ខាងក្រោយ​ផ្ទះ ទើប​នាំ​គ្នាផ្អើល​ឆោឡោតែម្តង ។

ក្រោយ​កើតហេតុ​ម្ចាស់​ម៉ូតូ​អស់សង្ឃឹម ហើយ​ក៏​មិនដឹងទៅរកឯណាទើបសម្រេចទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ និងស្វែងរកមុខសញ្ញាមកចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់